(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានបង្ហោះសាររិះគន់ទីភ្នាក់ងារអវកាស NASA ដែលបានកំណត់គៅលដៅនាំយកអវកាសយានិក ឲ្យទៅជាន់លើដីនៃឋានព្រះច័ន្ទជាថ្មីម្តងទៀត នៅឆ្នាំ២០២៤ ដែលលឿនជាងគោលដៅពីមុន០៤ឆ្នាំ ហើយលោក ត្រាំ បានទទូចឲ្យ NASA ទៅផ្តោតលើមហិច្ឆតាដែលធំៗជាងនេះវិញ គឺដូចជាការឆ្ពោះទៅកាន់ភពអង្គារជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ដូច្នេះថា «ជាមួយថវិកាដ៏ច្រើនដែលយើងកំពុងតែចំណាយ អង្គការ NASA មិនគួរនិយាយពីការធ្វើដំណើរទៅឋានព្រះច័ន្ទនោះទេ គឺយើងធ្លាប់ធ្វើបែបនេះ កាលពី៥០ឆ្នាំមុនហើយ។ ពួកគេគួរតែផ្តោតទៅលើរឿងធំៗជាងនេះវិញ ដូចជាឆ្ពោះទៅភពអង្គារជាដើម»។
គួរជម្រាបថា គម្រោងប្រឹងប្រែងទៅកាន់ឋានព្រះច័ន្ទរបស់អង្គការ NASA គឺត្រូវបានជំរុញជាចម្បង ដោយលោក ត្រាំ ផ្ទាល់កាលពីចុងឆ្នាំ២០១៧ ហើយកាលពីខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលលោកក៏បានកំណត់ឲ្យ NASA ធ្វើយ៉ាងណាបញ្ជូនអវកាសយានិកឲ្យដល់ឋានព្រះច័ន្ទនៅឆ្នាំ២០២៤ ដោយកាលពីខែឧសភាកន្លងទៅ រដ្ឋបាលលោក ត្រាំ ទើបតែបានស្នើសភាឲ្យផ្តល់កញ្ចប់ថវិកា១.៦ពាន់លានដុល្លារបន្ថែមដល់ NASA នៅឆ្នាំ២០២០ ដើម្បីសម្រេចគោលដៅនេះ។
បច្ចុប្បន្ន អង្គការ NASA កំពុងគ្រោងសាងសង់ស្ថានីយអវកាសមួយ នៅក្បែរគន្លងរបស់ព្រះច័ន្ទ ដែលអាចបញ្ជូនអវកាសយានិកពីទីនោះចុះទៅកាន់ផ្ទៃព្រះច័ន្ទបាន នៅឆ្នាំ២០២៤។ គម្រោងនេះគឺជាផ្នែកមួយនៅក្នុងកិច្ចផ្តួចផ្តើមពោរពេញដោយមហិច្ឆតា ក្នុងការប្រើប្រាស់ឋានព្រះច័ន្ទ ជាមូលដ្ឋានសម្រាប់ការត្រៀមលក្ខណៈ ដើម្បីចេញបេសកកម្មបន្តទៅភពអង្គារ (Mars) នាអនាគត៕