ក្រុមហ៊ុនចិន Huawei ព្រមចែករំលែកផែនការកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដែលជារឿងសំខាន់បំផុតមួយ (Video inside)
08-06-2019 11:24
(ម៉ូស្គូ)៖ ក្រុមហ៊ុន Huawei បានចែករំលែកពីផែនការស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី ក្នុងកំឡុងជំនួបរបស់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជាមួយសហគ្រិនអន្តរជាតិ នៅឯវេទិកាសេដ្ឋកិច្ចទីក្រុង សេនភឺធើស៍ប៊ឺក (Saint Petersburg) ហៅកាត់ SPIEF។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមលោក ឃើរីល ឌីមីទ្រីវ (Kirill Dmitriev) ដែលជានាយកប្រតិបត្តិ នៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់ប្រទេសរុស្ស៊ី កំឡុងជំនួបខាងលើនេះ គឺមានការពិភាក្សាជាច្រើន ប៉ុន្តែអ្វីដែលអាចចាត់ទុកថាជារឿងសំខាន់ជាងគេ នោះគឺការចែករំលែកផែនការសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសរុស្ស៊ី ពីសំណាក់តំណាងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei។
គួរជម្រាបថា នាឱកាសនៃដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅប្រទេសរុស្ស៊ី ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ 5G នៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំក្រោយនេះ។ នេះជាសមិទ្ធផលធំមួយដែល Huawei សម្រេចបាន ក្រោយពីការព្យាយាមធ្វើទុក្ខបុកម្នេញពីសំណាក់អាមេរិក និងប្រទេសម្ព័ន្ធមិត្តអាមេរិកមួយចំនួន៕