វេណេស៊ុយអេឡាសម្រេចបើកច្រកព្រំដែនមួយចំនួន ជាមួយកូឡុំប៊ីឡើងវិញ ក្រោយពីត្រូវបិទដោយសារមេបក្សប្រឆាំង Guaido
08-06-2019 09:43
(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នាថ្ងៃសុក្រ (ពេលវេលានៅរដ្ឋធានីការ៉ាកាស់) បានប្រកាសបើកច្រកមួយចំនួននៃព្រំដែនប្រទេសលោក ជាមួយកូឡុំប៊ីឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលលោកបានបញ្ជាឲ្យបិទកាលពីខែកុម្ភៈ ដោយសារតែបក្សប្រឆាំងចង់ដឹកនាំជំនួយបរទេស ចូលមកក្នុងវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ បានសម្រេចបិទព្រំដែនជាមួយកូឡុំប៊ី និងប្រេស៊ីល ខណៈដែលមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បានត្រៀមនាំយកជំនួយមនុស្សធម៌របស់អាមេរិក ចូលក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ កាលពីខែឧសភា លោក ម៉ាឌូរ៉ូ បានបើកព្រំដែនជាមួយប្រេស៊ីលឡើងវិញ។ បើតាមលោក ម៉ាឌូរ៉ូ ច្រកព្រំដែនរវាងកូឡុំប៊ី និងរដ្ឋតាឈីរ៉ា (Tachira) ភាគខាងលិចវេណេស៊ុយអេឡា នឹងត្រូវបើកនៅថ្ងៃសៅរ៍សប្តាហ៍នេះ។
គួរជម្រាបថា កាលពីខែកុម្ភៈ លោក Guaido ដែលជាអាមេរិកជាខ្នងបង្អែក នឹងត្រូវបានប្រទេសលោកខាងលិចជាច្រើន ទទួលស្គាល់ជាមេដឹកនាំស្របច្បាប់វេណេស៊ុយអេឡា បានព្យាយាមនាំយកជំនួយផ្សេងៗ ក្នុងនោះគឺមកពីអាមេរិកច្រើនជាងគេ ចូលក្នុងប្រទេសវេណេស៊ុយអេឡា ប៉ុន្តែការប្រឹងប្រែងនេះបានទទួលបរាជ័យទៅវិញ ក្រោយការរារាំងពីកងកម្លាំងសន្តិសុខ របស់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ៕