(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នាថ្ងៃសុក្រ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានប្រកាសថា ខ្លួនកំពុង រៀបចំបើកទទួល ស្វាគមន៍ភ្ញៀវទេសចរឲ្យឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ប៉ុន្តែជាមួយតម្លៃសំបុត្រ មិន ទាប នោះ ឡើយ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។
អង្គការ NASA បានឲ្យដឹងថា ខ្លួននឹងផ្តល់សេវាធ្វើដំណើរលក្ខណៈឯកជនចំនួន០២លើកឡើងទៅកាន់ស្ថានីយ ISS ក្នុង មួយឆ្នាំ ដោយមួយលើកៗមានរយៈពេល៣០ថ្ងៃ។ បេសកកម្មលើកដំបូង អាចនឹងលេចរូបរាងឡើងឆាប់បំផុត នៅអំឡុង ដើមឆ្នាំ២០២០។ យ៉ាងណាមិញ ភ្ញៀវទេសចរដែលចង់ឡើងទៅស្ថានីយ ISS ជាដំបូងបំផុតត្រូវបង់ថ្លៃសំបុត្រទៅមក ដែលមានតម្លៃ រហូតដល់ ៥៨លានដុល្លារ ហើយសម្រាប់ការស្នាក់អំឡុងពេល៣០ថ្ងៃនោះវិញ គឺត្រូវចំណាយប្រហែល៣៥,០០០ដុល្លារថែមទៀត ក្នុងមួយយប់ៗ។
គួរជម្រាបថា ដើម្បីនាំយកទេសចរឡើងទៅស្ថានីយអន្តរជាតិ ISS អង្គការ NASA នឹងប្រើប្រាស់យានអវកាស ដែលអភិវឌ្ឍន៍ នៅ ក្រោមកម្មវិធី Commercial Crew Program របស់ខ្លួន ដែលក្នុងនោះគឺរួមមានប្រព័ន្ធរ៉ុក្កែត និងយានធ្វើដំណើរ ដែលកំពុងស្ថិត ក្រោមការអភិវឌ្ឍ របស់ក្រុមហ៊ុន Boeing និង SpaceX។ កន្លងមកប្រទេសរុស្ស៊ី ក៏ធ្លាប់បាននាំយកភ្ញៀវទេសចរឡើងទៅកាន់ ស្ថានីយ ISS ដែរ ជាមួយតម្លៃសំបុត្រខ្ពស់កប់ពពកដូចគ្នា៕