(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាយប់ថ្ងៃសុក្រ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានប្រកាសថា ប្រទេសរបស់លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសម៉ិចស៊ីកូហើយ ដូច្នេះនឹងពុំមានការយកទៅលើទំនិញម៉ិចស៊ីកូ នោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Wahsington Post នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានសម្រេចកិច្ចព្រមព្រៀង មួយជាមួយម៉ិចស៊ីកូ ដោយគម្រោងយកពន្ធលើទំនិញគ្រប់មុខរបស់ម៉ិចស៊ីកូ ដែលត្រូវបានកំណត់អនុវត្តន៍នៅថ្ងៃចន្ទសប្តាហ៍ ក្រោយ នឹងត្រូវផ្អាកទៅវិញ។ ជាការតបស្នងម៉ិចស៊ីកូបានយល់ព្រមចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីទប់ស្កាត់លំហូរជន ភៀស ខ្លួន ដែលឆ្លងចូលទឹកដីម៉ិចស៊ីកូឆ្ពោះមកព្រំដែនភាគខាងត្បូងរបស់យើង»។ លោក ត្រាំ បានបញ្ជាក់ថា ក្រសួងការបរទេស អាមេរិក នឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតពីកិច្ចព្រមព្រៀងនេះ។
គួរជម្រាបថា កាលពីថ្ងៃ៣០ ខែឧសភា លោក ដូណាល់ ត្រាំ បានប្រកាសនឹងអនុវត្តន៍ការយកពន្ធ០៥ភាគរយ ទៅលើគ្រប់មុខ ទំនិញទាំងអស់ ដែលនាំចូលមកពីម៉ិចស៊ីកូ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា គឺថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ហើយអត្រានៃការ យកពន្ធនឹងកើនឡើងជាបន្តបន្ទាប់ពីមួយខែទៅមួយខែ រហូតទាល់តែបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ នៅព្រំដែនប្រទេសទាំងពីរ ត្រូវបានបញ្ឈប់។ ក្រោយការប្រកាសនេះ រដ្ឋាភិបាលម៉ិចស៊ីកូ ក៏បានប្រើចំណាត់ការក្តៅរារាំងជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ ទឹកដីរបស់ខ្លួន កុំឲ្យពួកគេឆ្ពោះមកតំបន់ព្រំដែនអាមេរិក៕