Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកទុកពេលពីរសប្តាហ៍ទៀតដើម្បីឲ្យទំនិញចិនចូលទឹកដីខ្លួន ដោយមិនទទួលរងការដំឡើងពន្ធបន្ថែម (Video inside)

07-06-2019 21:35

(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបានប្រកាសទុកពេល០២សប្តាហ៍ ឲ្យក្រុមហ៊ុននាំចេញនៃប្រទេសចិន ដើម្បីនាំយកទំនិញរបស់ ពួកគេចូលមកក្នុងទឹកដីអាមេរិក ដោយមិនត្រូវទទួលរងការដំឡើងពន្ធ២៥ភាគរយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

កាលពីថ្ងៃទី១០ ខែឧសភា រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធពី១០ភាគរយដល់២៥ភាគរយ លើទំនិញចិនទំហំ២០០ពាន់លានដុល្លារ ដើម្បីព្យាយាមដាក់សម្ពាធលើទីក្រុងប៉េកាំង ប៉ុន្តែមកទល់ពេលនេះ កិច្ចព្រមព្រៀងនៃបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមិនទាន់លេចរូបរាងដដែល ខណៈចិនបានដំឡើងពន្ធតបតមកវិញ។

តាមរយៈសេចក្តីប្រកាសមួយនាថ្ងៃសុក្រនេះ ទីភ្នាក់ងារតំណាងពាណិជ្ជកម្មអាមេរិក USTR បានពន្យារពេលថ្ងៃផុតកំណត់ គឺពីថ្ងៃទី០១ ខែមិថុនា ទៅដល់ថ្ងៃទី១៥ ខែមិថុនានេះ សម្រាប់ទំនិញមួយចំនួន ដែលត្រូវនាំចូលក្នុងទឹកដីអាមេរិក ដោយមិនទទួលរងការដំឡើងពន្ធ២៥ភាគរយឡើយ ពោលគឺទំនិញទាំងនោះត្រូវយកពន្ធតែ១០ភាគរយដដែល។

គួរជម្រាបថា ទំនិញរបស់ក្រុមហ៊ុនចិនដែលត្រូវនាំចេញមកកាន់សហរដ្ឋអាមេរិក នៅមុនថ្ងៃទី១០ ខែឧសភា ដែលជាថ្ងៃរដ្ឋាភិបាលអាមេរិកបានប្រកាសដំឡើងពន្ធ គឺត្រូវចូលមកដល់ទឹកដីអាមេរិក ឲ្យបានមុនថ្ងៃទី០១ ខែមិថុនា ប៉ុន្តែឥឡូវ ទំនិញទាំងនោះ ត្រូវបានអនុញ្ញាតឲ្យមានពេលរហូតដល់ពាក់កណ្តាលខែមិថុនានេះ ដើម្បីជៀសវាងពីការយកពន្ធ២៥ភាគរយ៕