(ម៉ូស្គូ)៖ កងកម្លាំងរុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយ ដោយចោទប្រកាន់ថា នាវាពិឃាតអាមេរិក USS ឆេនស៊ែលឡឺស្វីលឡេ (USS Chancellorsville) បានបង្កើតស្ថានភាពគ្រោះថ្នាក់ដល់នាវាពិឃាតរុស្ស៊ី អ៊ែដមើរ៉ាល់ វីណូហ្គ្រាដូវ (Admiral Vinogradov) នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល នៅថ្ងៃសុក្រនេះវេលាម៉ោងប្រមាណ ៦៖៣៥នាទីព្រឹក (ម៉ោងនៅទីក្រុងម៉ូស្គូ) នាវាពិឃាតអាមេរិក USS Chancellorsville បានធ្វើដំណើរស្របទិសគ្នាជាមួយនាវាពិឃាតរុស្ស៊ី Admiral Vinogradov។ ប៉ុន្តែភ្លាមៗនោះ ស្រាប់តែនាវាពិឃាតអាមេរិកបានបកក្បាល និងប្ដូរទិសដៅ ដោយកាត់តាមគន្លងផ្លូវរបស់នាវាពិឃាតរុស្ស៊ី ក្នុងចំងាយត្រឹមតែ ៥០ម៉ែត្រប៉ុណ្ណោះ។
ចំណែកឯ ក្រុមនាវិកនៃនាវា Admiral Vinogradov បានប្រើប្រាស់បច្ចេកទេសបញ្ជានាវារបស់ខ្លួន ដោយបញ្ជៀសការបុកទង្គិចគ្នាបានទាន់ពេលវេលា ហើយឧបទ្ទវហេតុនេះកើតឡើងទីក្រុងម៉ូស្គូ ក៏បានដាក់កំណត់ទូតតវ៉ាប្រឆាំងសហរដ្ឋអាមេរិកផងដែរ។ ដោយឡែកភាគីអាមេរិកវិញ ភ្លាមៗបែបនេះមិនទាន់ធ្វើការឆ្លើយតបណាមួយ ទៅនឹងការលើកឡើងរបស់រុស្ស៊ីនោះឡើយ៕