(សៀងហៃ)៖ កិច្ចចរចាពាណិជ្ជកម្មនាពេលកន្លងមក រវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ធ្លាប់ត្រូវបានគេមើលឃើញថា នឹងសម្រេចបាននូវលទ្ធផលផ្លែផ្កា ដែលនឹងអាចបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ប៉ុន្តែផ្ទុយទៅវិញ កិច្ចចរចានេះមិនបានផលអ្វីឡើយ ហើយថែមទាំងធ្វើឱ្យស្ថានភាព បច្ចុប្បន្នកាន់តែលំបាកជាងមុនទៅទៀត ខណៈក្រុមអ្នកចរចាអាមេរិក និងចិន ហាក់ដូចជាកំពុងត្រឡប់ទៅកាន់ចំណុចចាប់ផ្ដើម នៃកិច្ចចរចាដំបូងរបស់ពួកគេទៅវិញ។
យោងតាមរដ្ឋបាលអាមេរិក ហេតុផលដែលនៅពីក្រោយការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ គឺដោយសារតែភាគីចិន កែប្រែសេចក្ដីព្រៀងនៃកិច្ចព្រមព្រៀងឡើងវិញ ដែលនេះគឺផ្ទុយទៅនឹងកិច្ចព្រមព្រៀងមុនៗ។ តែតាមការពិត មូលហេតុដែលធ្វើឱ្យចិន កែប្រែសេចក្ដីព្រៀងនៃកិច្ចព្រមព្រៀងឡើងវិញ គឺដោយសារតែ ចិនមិនអាចធ្វើតាមអ្វីដែលអាមេរិកចង់បានហួសហេតុពេក និងមកពីអាមេរិកខ្លួនឯងគណនាខុស ក៏ដូចជាមើលស្រាលលើសង្រ្គាមពាណិជ្ជកម្ម ដែលខ្លួនឯងជាអ្នកបង្កឡើង។
* តើសហរដ្ឋអាមេរិកគឺជាអ្នកប្រព្រឹត្តកំហុស នៅក្នុងសង្រ្គាមពាណិជកម្មមែនឬ?
កិច្ចព្រមព្រៀងដែលចិនសរសេរឡើងវិញជាថ្មី នឹងធ្វើឱ្យទីក្រុងប៉េកាំងមានសិទ្ធិអំណាច កែប្រែអ្វីដែលសហរដ្ឋអាមេរិកចង់បានពីចិន ស្របពេលក្រុមហ៊ុន Huawei ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់ទីក្រុងវ៉ាស៊ីនតោន។ កំហុសឆ្គងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅក្នុងសង្រ្គាមពាណិជ្ជកម្ម អាចប្រហែលជាកើតឡើងដោយសារតែ ពួកគេឆាប់ចង់បានទទួលជ័យជំម្នះខ្លាំងពេកឱ្យបានមុនការ បោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ដោយភ្លេចគិតថា ចិនក៏មានអាវុធធំៗសម្រាប់ធ្វើសង្រ្គាមពាណិជកម្មដែរ។
អាវុធដែលចិនអាចប្រើប្រាស់ជាមួយសហរដ្ឋអាមេរិក រួមមានការដំឡើងពន្ធលើផលិតផលកសិកម្ម យន្ដហោះដឹកអ្នកដំណើរ ហើយរឹតតែសំខាន់ ចិនគឺជាម្ចាស់បំណុលដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកតែម្តង។
* ចិនប្រើប្រាស់គោលនយោបាយអត់ធ្មត់
បើទោះជាសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កាន់តែឡើងកម្ដៅក៏ដោយ ក៏ចិននៅតែបង្ហាញការអត់ធ្មត់ខ្ពស់ជានិច្ច តាមរយៈការចាត់វិធានការសងសឹក មានទំហំស្រាលជាងទីក្រុងវ៉ាស៊ីនតោន។ ហេតុអ្វីបានជាចិនសម្រេចចិត្តធ្វើដូច្នេះ? នេះប្រហែលជាចិនចង់ស្ទាបស្ទង់ប្រតិកម្មរបស់សហរដ្ឋអាមេរិក និងព្យាករណ៍ពីផលប៉ះពាល់ នៅពេលអនាគត ឬអាចនិយាយម្យ៉ាងទៀតថា យុទ្ធសាស្ត្រអត់ធ្មត់អាចជួយឱ្យចិនមើលឃើញពី ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល។
ផលប្រយោជន៍ផ្ទាល់នោះគឺ ការគាំទ្រដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ការការពារស្ថេរភាពសង្គម ហើយផលប្រយោជន៍ដោយប្រយោលនោះ គឺទប់ស្កាត់ផលប៉ះពាល់ទាំងឡាយដល់ទីផ្សារសកល ដែលនេះអាចនឹងលើកមុខមាត់ចិននៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានគំរាមដំឡើងពន្ធ ៣០០ពាន់លានដុល្លារលើទំនិញនាំចូលពីប្រទេសចិនបន្ថែមទៀត។ ប៉ុន្តែលោកក៏បានព្រលយផងដែរថា ប្រទេសចិនទំនងជាចង់ ស្វែងរកដំណោះស្រាយជាមួយអាមេរិក ជុំវិញជម្លោះពាណិជ្ជកម្មដ៏ក្តៅគគុកនេះជាក់ជាមិនខាន ហើយតាមសម្តីនេះ គឺលោក ដូណាល់ ត្រាំ ពិតជាចង់ឲ្យចិនស្នើសុំចរចា ព្រោះអាមេរិកខ្លួនឯងពិតជារងគ្រោះមិនស្ទើរដែរទេ ដោយសារតែការចង់ឈ្នះចិនជ្រុលពេក៕
ប្រភព៖ គេហទំព័រទស្សនៈសកល Project Syndicate (ដកស្រង់ចេញផ្សាយដោយ Channel News Asia នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩)