(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិក Facebook Inc បានប្រកាសលែងឲ្យកម្មវិធីរបស់ខ្លួន អាចត្រូវបានដំឡើងស្រាប់នៅលើស្មាតហ្វូនរបស់​ក្រុមហ៊ុនចិន Huawei ទៀតហើយ ប៉ុន្តែអ្នកជាម្ចាស់ទូរស័ព្ទដែលមាន App នេះស្រាប់ទៅហើយ គឺគ្មានបញ្ហាអ្វីនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

ក្រុមហ៊ុន Facebook បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អតិថិជនទាំងឡាយណា កំពុងប្រើប្រាស់ស្មាតហ្វូនរបស់ Huawei នឹងនៅតែអាចប្រើប្រាស់កម្មវិធីរបស់ខ្លួន ហើយទទួលបានការអាប់ដេតជាបន្តបន្ទាប់បានដដែល ប៉ុន្តែស្មាតហ្វូន Huawei ស៊េរីថ្មី នឹងលែងមានសិទ្ធិដំឡើងកម្មវិធី Facebook, WhatsApp, និង Instagram ស្រាប់ៗក្នុងទូរស័ព្ទទៀតហើយ ពោលបើចង់ប្រើកម្មវិធីទាំងនេះ គឺត្រូវតែដោនឡូតខ្លួនឯង ខណៈនៅក្នុង App Gallery ផ្ទាល់របស់គ្រប់ស្មាតហ្វូន Huawei គឺមានកម្មវិធីទាំងនេះរួចជាស្រេច។

ជាទូទៅក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនធំៗ ជារឿយៗតែងចុះកិច្ចព្រមព្រៀងអាជីវកម្ម ដើម្បីដំឡើងកម្មវិធីល្បីៗដូចជា Facebook និងកម្មវិធីពេញនិយមផ្សេងៗទៀត ទុកជាមុនរួចស្រេច ដើម្បីភាពងាយស្រួលសម្រាប់អតិថិជនដែលទិញយកទៅប្រើ គឺមានកម្មវិធីស្រាប់ៗតែម្តង ដោយមិនចាំបាច់ដោនឡូដពី Store នោះឡើយ។ ក្រៅពី Facebook កម្មវិធីដទៃទៀតដូចជា Twitter និង Booking.com ក៏សុទ្ធតែមានជាប់មកស្រាប់នៅលើស្មាតហ្វូនរបស់ Huawei ក្នុងទីផ្សារជាច្រើនផងដែរ។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលអាមេរិក បានប្រកាសដាក់បម្រាមពាណិជ្ជកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យា ដែល កំពុងមានភាពជឿនលឿនបំផុតរបស់ចិន Huawei និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធមួយចំនួនទៀត ក្រោមហេតុផលថាក្រុមហ៊ុននេះ គំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។
ឆ្លើយតបនឹងការគាបសង្កត់ពីអាមេរិក Huawei បានបញ្ជាក់ថា ក្រុមហ៊ុនបានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ទប់ទល់ទង្វើរបស់អាមេរិក និងបានប្តេជ្ញាជម្នះឧបសគ្គនានា តាំងតែពីឆ្នាំ២០១២ មកម្ល៉េះ នោះគឺជាការរៀបចំបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន សម្រាប់ប្រើលើ Computer, ស្មាតហ្វូន និង ថេប្លេតជាដើមដែលអាចនឹងលេចចេញនៅខែកញ្ញា ឆ្នាំ២០១៩ ដោយមិនពឹងអាស្រ័យទៅលើកម្មវិធី Microsoft និង Android ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់អាមេរិកទៀតនោះឡើយ។ ៕