(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ត្រូវបានបំផ្លាញដោយសារការចោទប្រកាន់គ្នាដោយសេរីខ្លាំងពេកនាពេលកន្លងមក ប៉ុន្តែវានៅតែអាចស្ដារឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។
ឆ្លើយតបនឹងសំណួរជុំវិញការស្ដារទំនាក់ទំនងឡើងវិញជាមួយរុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំគិតថាយើងអាចមានទំនាក់ទំនងល្អជាមួយរុស្ស៊ី... តែខ្ញុំយល់ថា ទំនាក់ទំនងនេះត្រូវបានបំផ្លាញដោយ ការចោទប្រកាន់គ្នាដោយសេរីជ្រុលពេក ប៉ុន្តែខ្ញុំអាចនឹងមានទំនាក់ទំនងល្អជាមួយរុស្ស៊ីឡើងវិញ»។
គួរបញ្ជាក់ថា ទោះបីជាមិនបាននិយាយចំៗ ប៉ុន្តែការលើកឡើងរបស់លោក ត្រំា ត្រូវបានគេមើលឃើញថា ចង់សំដៅលើរបាយការណ៍ស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ដែលកំពុងបង្កការជជែកដេញដោយយ៉ាងខ្លាំង នៅក្នុងអាណត្តិដឹកនាំរបស់របស់លោក ត្រាំ៕