(ញូយ៉ក)៖ តំណាងប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ការវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់ខ្លួន រួមទាំងកប៉ាល់ដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត និងប្រទេសន័រវែស គឺជាទង្វើប្រព្រឹត្តឡើងដោយរដ្ឋមួយ ខណៈអ៊ីរ៉ង់កំពុងស្ថិតនៅក្រោមការសង្ស័យខ្ពស់ជាងគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។
ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អេមីរ៉ាត់អារ៉ាប់រួមមិនបាននិយាយចំឈ្មោះថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី១២ ខែឧសភាឡើយ។ ប៉ុន្តែ សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ត្រង់ៗថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ។
ដោយឡែកបើតាមការលទ្ធផលស៊ើបអង្កេតថ្មីមួយ ដឹកនាំដោយអេមីរ៉ាត់អារ៉ាប់រួម កប៉ាល់ទាំង ០៤គ្រឿង ក្នុងនោះមានកប៉ាល់អារ៉ាប៊ីសាអូឌីត ០២គ្រឿង ទទួលរងការខូចខាតយ៉ាងដំណំ ដោយសារគ្រាប់មីនដែលត្រូវ បានប្រើប្រាស់ក្នុងការវាយប្រហារលើកប៉ាល់ទាំងនេះ ដោយអ្នកមុជទឹកមួយក្រុម ក្រោមជំនួយពីទូកល្បឿនលឿនជាច្រើនគ្រឿង។
គួរបញ្ជាក់ថា ការវាយប្រហារលើកប៉ាល់ដឹកប្រេងទាំង ០៤គ្រឿង បានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា នៅឯទីក្រុងកំពង់ផែ ហ្វូហ្សៃរ៉ាហ៍ (Fujairah) របស់អេមីរ៉ាត់អារ៉ាប់រួម៕