(បារាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រូបលោកនឹងធ្វើការសម្រេចចិត្តថា តើគួរឬមិនគួរបន្តដំឡើងពន្ធលើមុខទំនិញរបស់ប្រទេសចិនបន្ថែមទៀត ក្រោយជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល២០ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុនក្នុងខែមិថុនានេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងថ្ងៃដដែលនេះ លោក ត្រាំ បានគំរាមដំឡើងពន្ធលើផលិតផលចិនទំហំ៣០០ពាន់លានដុល្លារផ្សេងទៀត ប៉ុន្តែលោកបញ្ជាក់ថា ចិនប្រហែលជាចង់បានកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីបញ្ចប់ទំនាស់ពាណិជ្ជកម្មនេះ។ មុនជំនួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅតំបន់ Normandy ភាគខាងជើងប្រទេសបារាំង លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំនឹងធ្វើការសម្រេចចិត្ត ថាតើនឹងធ្វើបែបនោះដែរឬក៏អត់ នៅក្រោយ G20។ ខ្ញុំនឹងជួបជាមួយលោក ស៊ី ជិនពីង ហើយយើងនឹងឃើញថា តើវានឹងទៅជាយ៉ាងណា»។
គួរជម្រាបថា ភាពតានតឹងរវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ បានកើនឡើងកម្តៅខ្លាំង ចាប់តាំងពីកិច្ចចរចាដែលសំដៅដោះស្រាយសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន បានជាប់គាំងកាលពីខែឧសភា ហើយលោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធដល់អត្រា២៥ភាគរយ លើមុខទំនិញចិនទំហំ២០០ពាន់លានដុល្លារ ដែលបង្ខំឲ្យទីក្រុងប៉េកាំងសងសឹកតបតទៅវិញ៕