(ញូដេលី)៖ ប្រតិបត្តិការស្វែងរកយន្ដហោះ AN-32 មួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា ដែលបានបាត់ខ្លួនបានឈានចូលដល់ថ្ងៃទី៤ហើយនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមប្រភពពីមន្ត្រីយោធាឥណ្ឌា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

យន្ដហោះយោធា AN-32 ដែលផ្ទុកសមាជិកអាកាសយានិក ០៨នាក់ និងអ្នកដំណើរ ០៥នាក់ បានបាត់ខ្លួនកាលពីលា្ងចថ្ងៃចន្ទកន្លងទៅ ក្រោយហោះឡើងបន្តិចចេញពីព្រលានយន្ដហោះ ហ្ស័រហេត (Jorhat) នៃរដ្ឋ អាស្សាម (Assam) ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា។ កាលពីថ្ងៃពុធម្សិលមិញ ក្រុមអ្នកជួយសង្រ្គោះបានឱ្យដឹងថា ប្រតិបត្តិការរបស់ពួកគេបានរាំងស្ទះ​ដោយសារអាកាសមិនល្អ តែទោះជាយ៉ាងណា​ពួកគេនៅតែ អះអាងដដែលថា នឹងបង្កើនកិច្ចខិតខំស្វែងរក បើទោះជាត្រូវជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយ។

គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៦ យន្ដហោះប្រភេទ AN-32 ផ្ទុកមនុស្សសរុប ២៩នាក់ ក៏ធ្លាប់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងផងដែរ នៅឯឆ្នេរសមុទ្របឹងហ្គាល់ (Bengal) ក្រោយហោះឡើងចេញពីអាកាសយានដ្ឋានពីរដ្ឋ តាមិលណាឌូ (Tamil Nadu) ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង ផតប៊្លែរ (Port Blair)។ AN-32 គឺជាប្រភេទយន្ដហោះ យោធាដឹកជញ្ជូនដែលនៅសល់តាំងពីអតីតសហភាពសូវៀត៕