(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនកំពុងធ្វើការរៀបចំ សម្រាប់ឲ្យនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ចេញទៅបំពេញទស្សនកិច្ចនៅទឹកដីអ៊ីរ៉ង់ក្នុងនាអនាគតដ៏ខ្លីខាងមុខ ក្រោយពីលោក អាបេ បានជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិគ្រោះអំពីបញ្ហានេះរួចហើយ ខណៈមានការវិភាគថា ជប៉ុនអាចក្លាយជាអ្នកដើរតួសម្របសម្រួលឲ្យអាមេរិក និងអ៊ីរ៉ង់អង្គុយចុះ ចរចាគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
ដំណឹងខាងលើត្រូវបានប្រកាសដោយអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga)។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសជប៉ុនផ្ទាល់វិញ បានចុះផ្សាយថា ដំណើរទស្សនកិច្ចនេះទំនងជានឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។ នាឱកាសមក បំពេញទស្សនកិច្ចនៅជប៉ុន កាលពីចុងខែឧសភាកន្លងទៅ លោក ដូណាល់ ត្រាំ បានបង្ហាញការស្វាគមន៍ចំពោះលោក អាបេ ដែលចង់ជួយដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ បន្ទាប់ពីសារព័ត៌មានជប៉ុន NHK រាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុនរូបនេះកំពុង ពិចារណាចង់ទៅទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់។
គួរជម្រាបថា លោក អាបេ នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនកំពុងកាន់អំណាចដំបូងគេ ដែលទៅទស្សនកិច្ចនៅអ៊ីរ៉ង់ បើគិតក្នុងអំឡុងពេលជាង០៤ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែវានឹងកើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែប្រឈមមុខភាពតានតឹងជាមួយគ្នា នៅតំបន់មជ្ឈិមបូព៌ា៕