(អៀរឡង់)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ ៣០០ពាន់លានដុល្លារ លើទំនិញនាំចូលពីប្រទេសចិនបន្ថែមទៀត ប៉ុន្តែលោកក៏បានព្រលយផងដែរថា ទាំងប្រទេសចិន និងមិចស៊ីកូទំនងជាចង់​ស្វែងរកដំណោះស្រាយជាមួយអាមេរិក ជុំវិញជម្លោះពាណិជ្ជកម្មដ៏ក្តៅគគុកនេះជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅទីក្រុងហ្សានណាន់ (Shannon) នៃដែនដីអៀរឡង់យ៉ាងដូច្នេះថា «ក្នុងកិច្ចពិភាក្សារបស់យើងជាមួយចិន រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើនកំពុងកើតឡើង... យើងនឹងឃើញនូវអ្វី​ដែលនឹងត្រូវកើតឡើង... ខ្ញុំអាចធ្វើការដំឡើងពន្ធបន្ថែម ៣០០ពាន់លានដុល្លារ ហើយខ្ញុំនឹងធ្វើវាទៅពេលណាមួយ​ដែលសមស្រប...»។ ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ថា តើទំនិញចិនប្រភេទណាខ្លះ​ដែលនឹងត្រូវទទួលរងការដំឡើងពន្ធ​នោះឡើយ។

លោក ត្រាំ បានសង្កត់ធ្ងន់បន្ថែមទៀតថា «ខ្ញុំគិតថា ចិនពិតជាចង់បង្កើតកិច្ចព្រមព្រៀងមួយ ហើយមិចស៊ីកូវិញក៏ចង់មានដំណោះស្រាយខ្លាំងណាស់ដែរ...»។ ការនិយាយរបស់លោក ដូណាល់ ត្រាំ នៅអាកាសយានដ្ឋានអៀរឡង់ មុនចាកចេញដំណើរទៅកាន់ប្រទេសបារាំងនេះ ទំនងជាចង់សំដៅទៅលើការគំរាមដំឡើងពន្ធរបស់លោក ទៅលើទំនិញរបស់ប្រទេសមិចស៊ីកូ បើសិនជាមិចស៊ីកូមិនព្រមដោះស្រាយ និងរារាំងជនភៀសខ្លួនពីអាមេរិកកណ្តាល ឆ្លងកាត់តាមទឹកដី​មិចស៊ីកូ រួចចូលមកកាន់សហរដ្ឋអាមេរិកទេនោះ៕