(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយចេញផ្សាយនៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថា មិនមែនប្រទេសចិន ហើយក៏មិនមែនសហរដ្ឋអាមេរិកដែរ ដែលទទួលផលចំណេញពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២នោះ ប៉ុន្តែអ្នកដែលកំពុងទទួលផលពិតប្រាកដនោះគឺវៀតណាម ដែលស្ថិតនៅក្នុងសមាគមអាស៊ាន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន DW នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
របាយការណ៍ចេញផ្សាយដោយអ្នកជំនាញសេដ្ឋកិច្ច មកពីធនាគារវិនិយោគចិន Nomura បានរក ឃើញថា បណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងចិន បានបង្កើនការនាំចូលផលិតផលពីប្រទេសទី៣រៀងៗខ្លួន ដោយសារតែរដ្ឋាភិបាលរបស់ពួកគេ នៅតែបន្តធ្វើសង្រ្គាមដំឡើងពន្ធដាក់គ្នាទៅវិញទៅមក។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ បើតាមរបាយការណ៍ដដែល សហរដ្ឋអាមេរិក និងចិនមិនមែនជាអ្នកទទួលផលពីសង្រ្គាមពាណិជ្ជកម្មឡើយ តែផ្ទុយទៅវិញគឺវៀតណាមឯណោះទេ ដែលកំពុងអង្គុយកើបផលចំណេញយ៉ាងរំភើយ។ ជាក់ស្ដែងដោយសារសង្រ្គាមពាណិជ្ជកម្មនេះ GDP របស់វៀតណាម បានកើនឡើងដល់ទៅ ៧.៩ភាគរយ តាមរយៈការង្កើនការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ចិន និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ក្រៅតែពីប្រទេសវៀតណាម កោះតៃវ៉ាន់ ឈីលី ម៉ាឡេស៊ី និងអាហ្សង់ទីនវិញ ក៏កំពុងទទួលផលចំណេញពីសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកផងដែរ។ បើតាមអ្នកជំនាញនានាទូទាំងពិភពលោក បានព្រមានជាច្រើនដងរួចមកហើយថា សង្គ្រាមពាណិជ្ជកម្មមិនត្រឹមតែ មិនផ្តល់ផលចំណេញដល់អាមេរិក ឬមួយក៏ចិននោះទេ តែវាថែមទាំងធ្វើឲ្យមហាយក្សសេដ្ឋកិច្ចកំពូលទាំងពីរលើលោកនេះ ជួបបញ្ហារៀងៗខ្លួនផងដែរ៕