(ប៉េកាំង)៖ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យានៃប្រទេសចិន (MIIT) នាថ្ងៃព្រហស្បតិ៍នេះ បានចេញអាជ្ញាប័ណ្ណ បើកទូលាយឲ្យមានការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងវិស័យពាណិជ្ជកម្ម ខណៈក្រុមហ៊ុនចំនួន ០៤ បានទទួលសិទ្ធិនេះមុនគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងឱកាសនៃការទំព័រថ្មីនៃឧស្សាហកម្មទូរគមនាគមន៍ចិន ក្រុមហ៊ុនក្នុងស្រុកដូចជា China Telecom, China Mobile, China Unicom, និង China Broadcasting Network គឺជាចង្កោមក្រុមហ៊ុនដំបូងគេ ដែលទទួលបានអាជ្ញាប័ណ្ណ 5G។ រដ្ឋមន្រ្តីក្រសួង MIIT លោក Miao Wei បានថ្លែងក្នុងពិធីប្រគល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនទាំង០៤ថា បច្ចេកវិទ្យា 5G នឹងបង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកព័ត៌មានជំនាន់ថ្មី ដែលមានល្បឿនលឿន ចល័ត មានសុវត្ថិភាព និងទូលំទូលាយបំផុត។
គួរជម្រាបថា យោងតាមការរបាយការណ៍ស្រាវជ្រាវរបស់បណ្ឌិតសភា ព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ចិន បច្ចេកវិទ្យា 5G នឹងជួយបង្កើតផលិតផល និងសេវាកម្មក្នុងស្រុកសរុបទំហំប្រមាណ ១.៥៤ទ្រីលានដុល្លារ (ពាន់ពាន់លាន) ព្រមទាំងការងារជាង ៣លានកន្លែង នៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៥៕