ទីបំផុតមិចស៊ីកូចាត់វិធានការក្តៅ ហាមឃាត់ជនចំណាកស្រុកជាង១ម៉ឺននាក់ មិនឲ្យឆ្លងទៅតំបន់ព្រំដែនអាមេរិក (Video inside)
06-06-2019 12:13
(ម៉ិចស៊ីកូស៊ីធី)៖ អាជ្ញាធរម៉ិចស៊ីកូនាថ្ងៃពុធនេះសប្តាហ៍នេះ (ពេលវេលានៅមិចស៊ីកូស៊ីធី) បានរារាំងក្រុមជនភៀសខ្លួនប្រមាណ ១,២០០នាក់ ដែលមកពីតំបន់អាមេរិកកណ្តាល បន្ទាប់ពីពួកគេបានឆ្លងចូលក្នុងទឹកដីម៉ិចស៊ីកូ ដើម្បីត្រៀមឆ្ពោះទៅសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានគំរាមយកពន្ធលើទំនិញគ្រប់មុខរបស់ម៉ិចស៊ីកូ ជុំវិញបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
កម្លាំងទាហាន និងប៉ូលិសរបស់ម៉ិចស៊ីកូ បានបង្ខំឲ្យជនភៀសខ្លួនមួយក្រុមធំខាងលើ ដែលភាគច្រើនគឺមកពីហុងឌូរ៉ាស់ ឲ្យនាំគ្នាឈប់នៅទីក្រុង មេតាផា ឌែ ដូមីនីក (Metapa de Dominguez) ដែលស្ថិតនៅចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីព្រំប្រទល់ម៉ីចស៊ីកូ-ហ្គាតេម៉ាឡា។ ថ្មីៗនេះរដ្ឋាភិបាលម៉ិចស៊ីកូ បានដាក់ពង្រាយកងកម្លាំងឆ្មាំការពារជាតិ ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ខ្លួន និងបង្កើតចំណាត់ ការឃុំខ្លួនក៏ដូចជាបញ្ជូនខ្លួនជនភៀសខ្លួនឲ្យត្រឡប់ចេញទៅវិញ ក្រោមគោលដៅកាត់បន្ថយលំហូរជនភៀសខ្លួន ដែលព្យាយាមឆ្លងកាត់ទឹកដីម៉ិចស៊ីកូ ដើម្បីឆ្ពោះទៅអាមេរិក។
គួរជម្រាបថា បញ្ហាជនភៀសខ្លួនខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ បានធ្វើឲ្យលោក ដូណាល់ ត្រាំ មិនពេញចិត្តជាខ្លាំង។ កាលពីសប្តាហ៍មុនលោក ត្រាំ បានគំរាមថានឹងយកពន្ធ ០៥ភាគរយ លើផលិតផលគ្រប់មុខដែលនាំចូលពីម៉ិចស៊ីកូ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះហើយ ហើយអត្រាពន្ធនេះនឹងកើនឡើងជាបន្តបន្ទាប់រហូតដល់ ២៥ភាគរយ នៅខែតុលា ប្រសិនបើបញ្ហាជនភៀសខ្លួន-អន្តោប្រវេសន៍ នៅព្រំដែនរវាងប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបានទេនោះ៕