(វ៉ាស៊ីនតោន)៖ Institute of Electrical and Electronics Engineers (IEEE) ដែលជាវិទ្យាស្ថានបោះពុម្ភផ្សាយផ្នែកវិទ្យសាស្ត្រ ដ៏ធំមួយនៅលើពិភពលោក បានសម្រេចចិត្តដកហូតការរឹតត្បិតលើក្រុមហ៊ុនចិន Huawei ដោយអនុញ្ញាតឱ្យបុគ្គលិករបស់ក្រុមហ៊ុនចិនមួយនេះ ត្រួតពិនិត្យ និងកែសម្រួល ឯកសារមួយចំនួនដែលផ្ញើទស្សនាវដ្ដី IEEE។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN ដែលត្រូវបានដកស្រង់នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
វិទ្យាសា្ថន IEEE មានមូលដ្ឋានៅសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ដូច្នេះថា «IEEE ទទួលបានសំណើមួយពីក្រសួងពាណិជ្ជកម្មអាមេរិក ស្ដីពីការរឹតត្បិតសកម្មភាព ផ្សព្វផ្សាយរបស់ IEEE។ ពោលផ្អែកលើសំណើនេះ បុគ្គលិកក្រុមហ៊ុន Huawei និងសាខារបស់ខ្លួន អាចចូលរួមក្នុងនាមជាអ្នកត្រួតពិនិត្យ និងជាអ្នកកែសម្រួល នៅលើនីតិវីធីផ្សព្វផ្សាយរបស់យើង»។
គួរជម្រាបថា ការសម្រេចចិត្តខាងលើរបស់ IEEE កើតមានឡើងបន្ទាប់ពីវិទ្យាស្ថានចិនជាច្រើន បានចេញសេចក្ដីថ្លែងការណ៍រួម ដោយរិះគន់យ៉ាងខ្លាំងលើការរឹតត្បិតរបស់វិទ្យាស្ថានអាមេរិក មួយនេះចំពោះក្រុមហ៊ុន Huawei កាលពីថ្ងៃទី០២ ខែមិថុនា តាមសំណើរបស់ក្រសួងការពាណិជ្ជកម្មអាមេរិក៕