(បរទេស)៖ ការសិក្សាថ្មីមួយបានរកឃើញថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី ៦ របស់ប្រទេសកូរ៉េខាងជើង ដែលបានកើត ឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ គឺមានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូ ដែលអាមេរិកបានទម្លាក់ទៅលើ ទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរដល់ទៅ ១៦ដង។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
បើតាមការប៉ាន់ស្មានដំបូងៗ ដោយសហគមន៍ស៊ើបការណ៍សម្ងាត់នៅជុំវិញពិភពលោក បានសន្និដ្ឋានថា កម្លាំងអាវុធក្លេអ៊ែរដែលត្រូវបានធ្វើការបំផ្ទុះសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០១៧ គឺមានអានុភាពចន្លោះពី ៣០-៣០០គីឡូតោនប៉ុណ្ណោះ ប៉ុន្តែបើតាមលទ្ធផលនៃការសិក្សាថ្មីខាងលើវិញ បានបង្ហាញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលថា កម្លាំងរបស់វាគឺចន្លោះពី ១៤៨-៣២៨គីឡូតោន ពោលគឺទំនងជាប្រមាណ ២៥០គីឡូតោនជាមធ្យម។
ការសិក្សាដដែលបានគូសបញ្ជាក់ទៀតថា ការធ្វើតេស្តនុយក្លេអ៊ែរកាលពីឆ្នាំ២០១៧ ក៏បានបង្ហាញពីការរីកចម្រើនខ្លាំងក្លាមិនគួរឲ្យជឿ នៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ ដោយអំឡុងការធ្វើតេស្តកាលពីចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១៦ កម្លាំងនៃគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺពីចន្លោះ ១-២០គីឡូតោនtEប៉ុណ្ណោះ ប៉ុន្តែស្រាប់តែដល់ឆ្នាំ២០១៧ ឡើងដល់ទៅខ្ទង់ ២៥០គីឡូតោន ដែលជារឿងគួរឲ្យបារម្ភខ្លាំងណាស់។
គួរជម្រាបថា ឆ្នាំ២០១៧ គឺជាឆ្នាំចុងក្រោយដែលកូរ៉េខាងជើងបានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយកាលនៅវាបានបង្កឲ្យកើតមានគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ និងធ្វើឲ្យរូងក្រោមដីសម្រាប់សាកល្បងអាវុធនុយក្លេអ៊ែរ មួយកន្លែងនៅឯមូលដ្ឋាន ភុងគ្យេរី (Punggye-ri) រលំថែមទៀតផង៕