Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកទទួលបានព័ត៌មានសម្ងាត់៖ «អារ៉ាប៊ីសាអូឌីតលួចទទួលជំនួយពីចិន ក្នុងការអភិវឌ្ឍគ្រាប់មីស៊ីលបាលិស្ទិក» (Video inside)

06-06-2019 10:54

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក CNN បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទួលព័ត៌មានសំងាត់មួយ ដែលនៅក្នុងនោះបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបាននិងកំពុងអភិវឌ្ឍកម្មវិធីមីស៊ីលបាលិស្ទីគរបស់ខ្លួន តាមរយៈការទិញបច្ចេកវិទ្យាពីចិន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

ការចេញផ្សាយខាងលើរបស់សារព័ត៌មាន CNN ធ្វើឡើងដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិក ០៣រូប ដែលបានថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «អារ៉ាប៊ីសាអូឌីត បាននិងកំពុងអភិវឌ្ឍកម្មវិធីមីស៊ីលបាលិស្ទីគរបស់ខ្លួន ទាំងផែ្នកហេដ្ឋរចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដោយមានការសហការពីចិន»។ ប៉ុន្តែខាងទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីនមិនទាន់ធ្វើអត្ថាធិប្បាយ ណាមួយនៅឡើយទេជុំវិញសេចក្ដីរាយការណ៍នេះ។

គួរជម្រាបថា បើតាមប្រភពដែល CNN ទទួលបាន សមាជិកសភាអាមេរិកជាច្រើននាក់មាន ការព្រួយបារម្ភថាការពិតដែលរដ្ឋាភិបាលអាមេរិក មិនបានចេញផ្សាយព័ត៌មានសំងាត់ខាងលើ ទំនងជាអាចមានការយល់ព្រមទាំងបង្ខំណាមួយលើបញ្ហានេះ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងរកវិធីសាស្ត្រ ទប់ទល់ជាមួយអ៊ីរ៉ង់ ដែលខ្លួនចោទថាកំពុងមានចេតនា វាយប្រហារលើសម្ព័ន្ធមិត្តអាមេរិកនានានៅមជ្ឈិមបូព៌ា៕