(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកភាគច្រើនគិតថា លោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ របស់លោក នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ខាងមុខនេះ បើទោះជាការដឹកនាំនៅអណត្តិទី ១ ពោរពេញទៅដោយភាពចម្រូងចម្រាស់ជាច្រើនក៏ដោយ។ នេះបើតាមការស្ទង់មតិរបស់ស្ថាប័ន SSRS ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមការស្ទង់មតិរបស់ SSRS ដែលជាក្រុមហ៊ុនផ្នែកស្រាវជ្រាវយុទ្ធសាស្ត្រទីផ្សារ ប្រជាជនអាមេរិកប្រមាណ ៥៤ភាគរយបាននិយាយថា លោក ដូណាល់ ត្រាំ នឹងឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ រីឯ៤១ភាគរយប៉ុណ្ណោះយល់ថា លោកនឹងចាញ់នៅក្នុងការបោះឆ្នោតនេះ។
លើសពីនេះទៅទៀត ការស្ទង់មតិនេះទៀតសោតក៏បានបង្ហាញដែរថា ប្រជាជនអាមេរិកយល់ថា លោក ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិទី ២ គឺមានចំនួនច្រើនជាងប្រជាជនអាមេរិក ដែលធ្លាប់និយាយថា លោក បារ៉ាក់ អូបាម៉ា នឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី ២ កាលពីឆ្នាំ២០១១។ ពោលគឺនៅកាលណោះ ការស្ទង់មតិធ្វើឡើងក្រោយ អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) ស្លាប់បង្ហាញថា ប្រជាជនអាមេរិកតែ ៥០ភាគរយប៉ុណ្ណោះយល់ថា លោក បារ៉ាក់ អូបាម៉ា នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិកាលពីខែធ្នូ ឆ្នាំ២០១៨ ប្រជាជនអាមេរិកដែលប្រឆាំងនឹងលោក ដូណាល់ ត្រាំ ៨១ភាគរយគិតថា លោកនឹងចាញ់នៅក្នុងការបោះឆ្នោត ខណៈបច្ចុប្បន្នចំនួននេះ ធ្លាក់មកនៅត្រឹម ៦៧ភាគរយ។ ចំណែកឯអ្នកដែលគាំទ្រលោក ត្រាំ កាលពីឆ្នាំ២០១៨ ៨៥ភាគរយនៃពួកគេនិយាយថា លោក ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតិអាមេរិក្នុងអាណត្តិទី ២ ហើយមកឆ្នាំ២០១៩នេះវិញ ចំនួនបានកើនដល់រហូតដល់ ៨៨ភាគរយ៕