(ស៊ូដង់)៖ ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសស៊ូដង់ បានបដិសេធចូលរួមក្នុងកិច្ចចរចាជាមួយរដ្ឋាភិបាល យោធាបច្ចុប្បន្ន ដោយសំអាងថាវាជាកិច្ចចរចាមិនអាចជឿទុកចិត្តបាន ខណៈមនុស្ស១០៨នាក់ហើយបានស្លាប់នៅក្នុងការអំពើហិង្សារវាងយោធា និងក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមក្រុមគ្រូពេទ្យស្និទនឹងគណបក្សប្រឆាំង ក្រុមបាតុករ១០៨នាក់បានស្លាប់នៅក្នុងប្រតិបត្តិការ បង្រ្កាបដ៏ហិង្សាពីសំណាក់យោធាស៊ូងដង់នៅក្នុងរដ្ឋ Khartoum គិតចាប់តាំងពីថ្ងៃចន្ទ រហូតដល់ ថ្ងៃពុធសប្ដាហ៍នេះ។ ប៉ុន្តែ រហូតមកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់មិនទាន់ចេញផ្សាយជាផ្លូវការ នៅឡើយទេ រីឯខាងយោធាស៊ូដង់ក៏បានអះអាងដែរថាអ្នកបង្កចលាចល និងហិង្សាមិនមែនជាក្រុម បាតុករឡើយ តែគឺជាឧក្រិដ្ឋជន។
គួរជម្រាបថា អំពើហិង្សានៅក្នុងប្រទេសស៊ូដង់ បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃចន្ទកន្លងទៅ បន្ទាប់ពី យោធា និងក្រុមបាតុករដែលទាមទារឱ្យមានការដឹកនាំប្រទេសដោយរដ្ឋាភិបាលស៊ីវិល មានការខ្វែង គំនិតគ្នាកាន់តែខ្លាំងជុំវិញអ្នកដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន បន្ទាប់ពីប្រធានាធិបតី លោក Omar al-Bashir ត្រូវបានទម្លាក់ពីអំណាចកាលពីខែមេសា កន្លងទៅ៕