(ព្រុចសែល)៖ តុលាការសហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃពុធនេះថា សេវាកម្មហៅទូរស័ព្ទតាមបណ្តាញអ៊ីនធើណិត និងផ្ញើសាររបស់កម្មវិធី Skype ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយក្សអាមេរិក Microsoft នោះ គឺអាចត្រូវបានចាត់ទុកថា ជាប្រតិបត្តិករទូរគមនាគមន៍មួយទៅហើយ ព្រោះតែវាបានតម្រូវឲ្យអតិថិជនទាំងអស់ បង់ថ្លៃសេវា និងមានកិច្ចព្រមព្រៀងរវាងកម្មវិធីនេះ ជាមួយនិងប្រតិបត្តិករបណ្តាញនានា ដើម្បីអាចធ្វើការហៅទូរស័ព្ទបាន។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាយប់ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។
តុលាការប៊ែលហ្សិក និងវិទ្យាស្ថាននៃសេវាប្រៃសណីយ៍ និងទូរគមនាគមន៍ប៊ែលហ្សិក (IBPT) បានបញ្ជូនរបាយការណ៍គូសបញ្ជាក់មួយ ទៅកាន់តុលាការយុត្តិធម៌អឺរ៉ុប ដើម្បីធ្វើការពិនិត្យ និងសម្រេចថាតើសេវា SkypeOut របស់កម្មវិធី Skype ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការហៅចេញ (Call) ពីកុំព្យូទ័រ ទៅកាន់ទូរស័ព្ទដៃដែលត្រូវចំណាយប្រាក់នោះ គួរតែត្រូវបានចាត់ទុកថា ជាការបម្រើសេវាដូចក្រុមហ៊ុនទូរគមនាគមន៍នានាដែរ ឬទេ។
ជុំវិញការចោទប្រកាន់ខាងលើនេះ នៅក្នុងការស្រាយបំភ្លឺមួយទៅកាន់តុលាការ តំណាងរបស់កម្មវិធី Skype បានអះអាងថា ខ្លួនមិនបានប្រើប្រាស់បណ្តាញបញ្ជូនសេវា ដោយខ្លួនឯងនោះឡើយ ហើយខ្លួនក៏មិនបានផ្តល់នូវសេវាទំនាក់ទំនងបែបអេឡិចត្រូនិក ផ្ទុយពីអ្វីដែលសហភាពអឺរ៉ុបបានកំណត់នៅក្នុងច្បាប់នោះដែរ។ ទោះជាបែបនេះក្តី ក្រុមហ៊ុន Microsoft ដែលជាមេរបស់ Skype វិញបានបញ្ជាក់ថា ខ្លួននឹងអនុលោមទៅតាមសេចក្តីសម្រេច ដែលនឹងតម្រូវឱ្យសេវាបង់ប្រាក់នេះ ត្រូវប្រតិបត្តិទៅតាមច្បាប់កំណត់យ៉ាងម៉ឺងម៉ាត់។
គួរបញ្ជាក់ថា ដើម្បីការពារក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងសហភាពអឺរ៉ុប និងរក្សាគម្លាតដ៏ត្រឹមត្រូវជាមួយនឹងគូរប្រជែងថ្មីៗ ដែលប្រតិបត្តិសេវាតាមបណ្តាញអ៊ីនធើណិតនោះ កាលពីពីរឆ្នាំមុននេះស្នងការអឺរ៉ុប បានអនុម័តនូវច្បាប់ថ្មីមួយដែលមានឈ្មោះថា «ច្បាប់ទំនាក់ទំនងអេឡិចត្រូនិកអឺរ៉ុប» ដោយមានតួនាទីឃ្លាំមើលសកម្មភាពរបស់កម្មវិធី Skype, Whatsapp, Facebook Messenger និងកម្មវិធីបញ្ជូនសារសំឡេងឯទៀតៗ ឲ្យសមស្របទៅតាមបទដ្ឋានសេវាកម្ម ដែលត្រូវបានកំណត់៕