(ញូដេលី)៖ អាជីវកម្មរាប់ពាន់កន្លែងនៅក្នុងប្រទេសឥណ្ឌា នាថ្ងៃពុធនេះនឹងក្លាយជាជនរងគ្រោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបិទបញ្ចប់ការលើកលែងពន្ធឲ្យប្រទេសឥណ្ឌា នៅក្រោមប្រព័ន្ធផែនការអនុគ្រោះពន្ធទូទៅ ហៅកាត់ GSP ដែលជាលទ្ធផលប្រជាជនឥណ្ឌាជាច្រើននាក់ ត្រូវប្រឈមនឹងការបាត់បង់ការងារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅល្ងាចថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។
អាជីវកម្មដែលនាំចេញផលិតផលដូចជា គ្រឿងអលង្ការក្រឡៃ គ្រឿងសំណង់ បន្ទះស្រូបថាមពលព្រះអាទិត្យ រួមនិងចំនីអាហារកែច្នៃជាដើម នឹងត្រូវប្រឈមជាមួយការយកពន្ធក្នុងអត្រាឡើងដល់១០ភាគរយ ហើយប្រភេទទំនិញដទៃទៀត ដែលកន្លងមកមិនជាប់ពន្ធ នឹងត្រូវចាប់ផ្តើមយកពន្ធ នៅពេលនាំចូលទៅអាមេរិក បន្ទាប់ពីលោក ត្រាំ សម្រេចប្រកាសដកសមាជិកភាពរបស់ឥណ្ឌា ចេញពីប្រព័ន្ធផែនការអនុគ្រោះពន្ធទូទៅ GSP ដែលនឹងត្រូវអនុវត្តន៍នៅថ្ងៃពុធនេះហើយ។ ប្រការនេះ កំពុងតែធ្វើឲ្យអាជីវកម្មដែលពាក់ព័ន្ធនៅក្នុងប្រទេសឥណ្ឌា កំពុងមានការព្រួយបារម្ភថា ពួកគេនឹងត្រូវកាត់បន្ថយបុគ្គលិកជាច្រើននាក់ ដើម្បីទប់ទល់នឹងចំណាត់ការនេះ។
ប្រព័ន្ធផែនការអនុគ្រោះពន្ធ GSP ត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ១៩៧៦ រវាងសហរដ្ឋអាមេរិក និងប្រទេសចំនួន១២០ ក្រោមគោលដៅជួយប្រទេសកំពុងអភិវឌ្ឍន៍ ពង្រឹងសេដ្ឋកិច្ចរបស់ពួកគេ ហើយស្របពេលជាមួយគ្នាបន្ធូរបន្ថយតម្លៃនៃទំនិញដែលនាំចូលសម្រាប់ប្រជាជនអាមេរិក។
គួរជម្រាបថា ឥណ្ឌាអាចចាត់ទុកថា ជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ធំជាងគេបង្អស់ នៅក្រោមប្រព័ន្ធ GSP ដោយកាលពីឆ្នាំ២០១៨ ផលិតផលនាំចេញរបស់ឥណ្ឌាទំហំ៦.៣ពាន់លានដុល្លារ ត្រូវបានយកពន្ធកម្រិតទាប ឬមិនជាប់ពន្ធតែម្តង នៅសហរដ្ឋអាមេរិក៕