(ស៊ីដនី)៖ ប៉ូលិសអូស្រ្តាលីបានបើកប្រតិបត្តិការចុះឆែកឆេរ នៅអគារទីស្នាក់ការនៃស្ថានីយទូរទស្សន៍ព័ត៌មាន ABC ក្នុងក្រុងស៊ីដនី ដោយសកម្មភាពនេះ គឺទាក់ទងទៅនឹងការចុះផ្សាយអត្ថបទដែលថា កងទ័ពអូស្រ្តាលីបានប្រព្រឹត្តអំពើខុសឆ្គង នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅល្ងាចថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

ថ្ងៃពុធនេះ កម្លាំងប៉ូលិសអូស្រ្តាលីបានចុះទៅដល់ទីស្នាក់របស់ ABC News ជាមួយដីកាឆែកឆេរ ខណៈស្ថានីយទូរទស្សន៍ព័ត៌​​មានធំមួយនេះ បានសម្តែងការតវ៉ានឹងសកម្មភាពនេះ។ កាលពីថ្ងៃអង្គារ ក៏មានការចុះឆែរឆេរពីប៉ូលិសអូស្រ្តាលី នៅក្នុងផ្ទះរបស់​​អ្នកកាសែតម្នាក់ផងដែរ​របស់សារព័ត៌មាន News Corp Australia ដែលបានរាយការណ៍ព័ត៌មានថា រដ្ឋាភិបាលអូស្រ្តាលី កំពុង​ពិចារណាលើផែនការសម្ងាត់មួយ ដើម្បី​​​តាមឃ្លាំមើលពលរដ្ឋអូស្រ្តាលី។

បើតាម ABC News ការចុះឆែកឆេរនាថ្ងៃពុធនេះ គឺពាក់ព័ន្ធនឹងការចេញផ្សាយអត្ថបទព័ត៌មានបែបស៊ើបអង្កេតមួយហៅថា The Afghan Files កាលពីឆ្នាំ២០១៧ ដែលបកអាក្រាតពីរឿងរសើបៗ ដែលថាកងកម្លាំងពិសេសរបស់អូស្រ្តាលីនៅអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សដោយខុសច្បាប់ និងប្រព្រឹត្តអំពើខុសឆ្គងផ្សេងៗទៀត។

ទាក់ទិនបញ្ហាខាងលើ សហភាពអ្នកសារព័ត៌មានក្នុងប្រទេសអូស្រ្តាលី បានបង្ហាញក្តីព្រួយបារម្ភថា សកម្មភាពទាំងនេះរបស់​អាជ្ញាធរអូស្រ្តាលី បានស្តែងឲ្យឃើញនូវការវាយប្រហារចំពោះសេរីភាពនៃសារព័ត៌មានអូស្រ្តាលី៕