(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃពុធនេះ រហូតដល់ថ្ងៃសុក្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នា២០១៩។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ មុនពេលចេញដំណើរទៅម៉ូស្គូ លោក ស៊ី បានបង្ហាញពីឆន្ទៈរបស់ប្រទេសចិន ក្នុងការត្រៀមខ្លួនដើម្បីចាប់ដៃជាមួយរុស្ស៊ី ក្នុងការសម្រេចឲ្យបាននូវដំណើរការដ៏អស្ចារ្យជាងមុន ទៅលើកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក BRICS ព្រមទាំងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)។
គួរជម្រាបថា នាឱកាសបំពេញទស្សនកិច្ចនៅរុស្ស៊ី លោក ស៊ី ក៏នឹងធ្វើការចូលរួមផងដែរ ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St. Peterburg លើកទី២៣៕