(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហៅអ៊ីរ៉ង់ថា ជាប្រទេសភេរវកម្មលេខមួយលើលោក ហើយលោកបានព្រមានថា ទោះបីជាសហរដ្ឋអាមេរិកត្រៀមលក្ខណៈជានិច្ច ដើម្បីចរចាជាមួយអ៊ីរ៉ង់ក៏ដោយ ក៏មិនមែនមានន័យថា អាមេរិកនឹងមិនប្រើកម្លាំងយោធានោះដែរ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងកំឡុងការផ្តល់បទសម្ភាសន៍មួយជាមួយ សារព័ត៌មានអង់គ្លេស ITV លោក ត្រាំ បាននិយាយថា អ៊ីរ៉ង់ជាប្រទេសភេរវកម្មលេខមួយ តាំងតែពីលោកឡើងកាន់អំណាចរហូតមកទល់ពេលនេះ។ ទាក់ទិននឹងលទ្ធភាពនៃការប្រើជម្រើសនៃកម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់វិញ លោក ត្រាំ បានបង្ហើបថា «វាអាចទៅរួច» ប៉ុន្តែបើតាមចិត្តលោកគឺលោកមិនចង់នោះឡើយ ពោលគឺលោក ត្រាំ ចង់អង្គុយចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) ដោយសន្តិវិធីជាង។

គួរជម្រាបថា បច្ចុប្បន្នប្រទេសទាំងពីរកំពុងតែមានភាពតានតឹងនឹងគ្នា ដោយភាពតានតឹងនេះបានកើនឡើងកម្តៅខ្លាំង កាលពីកំឡុងដើមខែឧសភា នៅពេលដែលអ៊ីរ៉ង់បានសម្រេចផ្អាក ការអនុវត្តន៍កាតព្វកិច្ចមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអាមេរិកបានដើរចេញ កាលពីពាក់កណ្តាលឆ្នាំ២០១៨ និងការចល័តសព្វាវុធរួមមាន នាវាដឹកយន្តហោះចម្បាំង ក្បួនយន្តហោះទម្លាក់គ្រាប់បែក និងប្រព័ន្ធការពារមីស៊ីល ទៅកាន់មជ្ឈិមបូព៌ា ដើម្បីត្រៀមទល់ទល់ការគំរាមកំហែងពីអ៊ីរ៉ង់ ដែលជាអាមេរិកជាអ្នកចោទប្រកាន់ដោយខ្លួនឯង៕