(អាមេរិក)៖ នារីជនជាតិអាមេរិកមួយរូប នាពេលថ្មីៗនេះបានក្លាយជាមនុស្សវ័យក្មេងបំផុត ដែលអាចធ្វើដំណើរទៅកាន់គ្រប់ប្រទេសទាំងអស់ (១៩៦ប្រទេស) នៅលើភពផែនដី ក្នុងនោះរួមទាំងកូរ៉េខាងជើងផងដែរ ដែលត្រូវបានជនជាតិអាមេរិកគ្រប់រូបចាត់ទុកថា ជាប្រទេសដ៏គ្រោះថ្នាក់សម្រាប់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

កញ្ញា ឡេស៊ី អាល់ហ្វដ (Lexie Alford) រស់នៅទីក្រុងណេវ៉ាដា (Nevada) នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានក្លាយជាមនុស្សវ័យក្មេងដំបូងគេនៅអាយុ ២១ឆ្នាំ ដែលអាចធ្វើដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសចំនួន ១៩៦ (រាប់ទាំងទឹកដីកំណើតនៅអាមេរិកផ្ទាល់) ដែលសុទ្ធសឹងតែជាប្រទេសទទួលស្គាល់ឯករាជ្យភាពដោយអាមេរិក ប៉ុន្តែក្នុងនោះប្រទេសចំនួន ១៩៣ប៉ុណ្ណោះជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ (UN)។ បច្ចុប្បន្ននេះនាង អាល់ហ្វដ កំពុងតែរៀបចំដាក់ពាក្យស្មើសុំការបំបែកកំណត់ត្រានេះពីអង្គការ Guinness World Record ផងដែរ។

បន្ថែមពីខាងលើនេះ ប្រទេសដែលនាងបានធ្វើទស្សនកិច្ចចុងក្រោយគេនោះ គឺកូរ៉េខាងជើង (ទី១៩៦) ដែលនាងបានទៅដល់កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ហើយក៏ទទួលបានការស្ញើចសរសើរ ពីក្រុមអ្នកគាំទ្រនាងផងដែរចំពោះភាពក្លាហាននេះ ខណៈដែលកូរ៉េខាងជើងត្រូវបានគេដឹងថា ជាប្រទេស ដែលមានការរឹតត្បិតបំផុតក្នុងលោក និងកំពុងមានទំនាក់ទំនងតានតឹងឡើងវិញ ជាមួយសហរដ្ឋអាមេរិកថែមទៀត។ កញ្ញា Alford បានចាត់ទុកការធ្វើដំណើរទៅកូរ៉េខាងជើង គឺជាការសម្រេចបំណងដ៏ធំរបស់នាងតាំងពីនៅកុមារ។

គួរបញ្ជាក់ថា ការធ្វើដំណើររបស់នាងទៅកាន់ច្រើនប្រទេសបែបនេះ គឺមិនមែនជារឿងចៃដន្យ នោះឡើយ ខណៈនាងគឺជាកូននៃគ្រួសារមួយដែលបម្រើការងារឲ្យទីភ្នាក់ងារទេសចរណ៍ ហើយចាប់តាំងពីវ័យកុមារមកមកម្ល៉េះ នាងបានធ្វើដំណើរទៅកាន់ទីកន្លែងប្រវត្តិដ៏អស្ចារ្យជាច្រើន រួចទៅហើយដូចជា ប្រទេសកម្ពុជា (ប្រាសាទអង្គរវត្ត), ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម, និងប្រទេសអេហ្ស៊ីប (ប្រាសាទពីរ៉ាមីត) ជាដើម។ កាលពីនាងទើបអាយុ ១៨ឆ្នាំ នាងបានបំពេញដំណើរទស្សនកិច្ចទៅកាន់ ៧២ប្រទេស៕