(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃអង្គារសប្តាហ៍នេះបានអះអាងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ី ក្នុងការសម្រេចបានឲ្យបាននូវដំណើរការដ៏អស្ចារ្យជាងមុន ទៅលើកិច្ចសហប្រតិបត្តិការ រវាងបណ្តា ប្រទេសជាសមាជិក BRICS និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

ការថ្លែងរបស់លោក ស៊ី ជិនពីង ខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន TASS និងកាសែតរ៉ូស្ស៊ីយីសកាយ៉ា (Rossiyskaya) របស់ប្រទេសរុស្ស៊ី នៅកំឡុងពេលដែលលោក បំពេញដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ លោក ស៊ី បានបន្តទៀតថា នៅរយៈពេល១០ឆ្នាំ ចុងក្រោយនេះបណ្តាប្រទេសជាសមាជិក BRICS ទាំងអស់បានចូលរួមក្នុងការបង្កើនការបើកទូលាយជារួម, កិច្ចសហប្រតបត្តិការឈ្នះឈ្នះ, រក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើផ្នែកពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, នយោបាយ, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន, ព្រមទាំងការជម្រុញឲ្យមានកម្លាំងប្រកបដោយភាព វិជ្ជមាន ស្ថិរភាព និងប្រកបដោយលក្ខណៈស្ថាបនាលើកិច្ចការអន្តរជាតិ។

គួរបញ្ជាក់ថា លោក ស៊ី ជិនពីង បានកោតសរសើរចំពោះរុស្ស៊ី ក្នុងនាមជាប្រទេសកំណើតនៃកិច្ចប្រជុំ BRICS ផងដែរ។ BRICS គឺជាអង្គការនៃសមាជិកធំៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដែលសុទ្ធសឹងជាប្រទេសមានគោលដៅរួម ក្នុងការច្បាមយកឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ច ដ៏លេចធ្លោនៅលើសកលលោក ហើយគេក៏អាចហៅបានថា កិច្ចសហប្រតិបត្តិការរវាងប្រទេសយក្សទាំងបួនផងដែរ៕