(យូអិន)៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNGA នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) បានសម្រេចជ្រើសតាំង អ្នកតំណាងអចិន្ត្រៃយ៍នៃប្រទេសនីហ្សេរីយ៉ាប្រចាំនៅអង្គការសហប្រជាជាតិ (UN) គឺលោក Tijjani Muhammad-Bande ធ្វើជាប្រធានថ្មីរបស់ UNGA។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ ព្រឹកថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

លោក Muhammad-Bande នឹងឡើងជាប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលជាស្ថាប័នជាន់ខ្ពស់បំផុតមួយ របស់អង្គការសហប្រជាជាតិ នៅក្នុងនីតិកាលទី៧៤របស់ UNGA ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ ហើយរូបលោកនឹង ក្លាយជាប្រធាន UNGA ទីពីរ ដែលមកពីប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីលោក Joseph Nanven Garba ដែលបានកាន់តំណែងនេះ កាលពីឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩០។

គួរជម្រាបថា ដោយផ្អែកលើគោលការណ៍មូលដ្ឋានរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ ប្រធាន UNGA សម្រាប់នីតិកាល ទី ៧៤ គឺត្រូវជ្រើសរើសមកពីបណ្តារដ្ឋនៅតំបន់អាហ្រ្វិក៕