(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 ដែលមានគោលដៅឆ្ពោះទៅកាន់ទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានធ្វើការបកយកមកចុះចតយ៉ាងបន្ទាន់នៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ក្រោយពីមានសេចក្តីរាយការណ៍ថា មានបញ្ហាផ្នែកបច្ចេកទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាយប់ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
យន្តហោះខាងលើនេះបានធ្វើការចុះចតនៅព្រលានយន្តហោះ Vnukovo ស្ថិតនៅជាយទីក្រុងម៉ូស្គូ ជាមួយមនុស្សជិះនៅលើនោះសរុប ១០១នាក់។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ភាពជាក់លាក់ នៃបញ្ហាផ្នែកបច្ចេកទេសយន្តហោះខាងលើនេះឡើយ ប៉ុន្តែហេតុការណ៍ថ្មីនេះបានកើតមានឡើងបន្ទាប់ពី អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសថា ត្រកូលយន្តហោះ Boeing 737 MAX ទាំងអស់ទំនងជាត្រូវបានផលិតឡើង ដោយមានបញ្ហាមួយចំនួនផ្នែកបច្ចេកទេស ប៉ុន្តែ FAA មិនទាន់អាចបញ្ជាក់ថា វាអាចជាមូលហេតុដែលបង្កឲ្យយន្តហោះអេត្យូពី និងឥណ្ឌូណេស៊ីធ្លាក់នោះឡើយ៕