(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋាភិបាលជប៉ុនបានសម្រេចបិទបញ្ចប់ ប្រតិបត្តិការរុករកយន្តហោះចម្បាំង-បំបាំងកាយ F-35A របស់ កងកម្លាំងស្វ័យការពារដែនអាកាស ដែលបានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅឯភាគខាងជើងប្រទេស កាលពី០២ខែមុននោះហើយ ខណៈមានផ្នែកមួយចំនួនប៉ុណ្ណោះ នៃយន្តហោះដែលត្រូវបានរកឃើញ៕

 

២៖ សេចក្ដីរាយការណ៍ថា យោធា និងអ្នកបច្ចេកទេសរុស្ស៊ីបានចាកចេញពីប្រទេសវេណេស៊ុយអេឡា គឺជារឿងមិនពិត ខណៈកិច្ចសហប្រតិបត្តិការជាមួយទីក្រុងការ៉ាកាស់នៅតែបន្តទៅមុខជាធម្មតា ព្រមទាំង នឹងពង្រីកកាន់តែធំ។ នេះបើតាមក្រុមមន្ត្រីរុស្ស៊ី៕

 

៣៖ ភ្នំសំរាមខ្ពស់បំផុតប្រចាំប្រទេសឥណ្ឌា ដែលស្ថិតនៅទីក្រុងញូដេលី នៅឆ្នាំក្រោយនឹងលូតកម្ពស់ខ្ពស់ជាង ប្រាសាទ តាច់ម៉ាហាល់ (Taj Mahal) ដែលតាំងពីដើមមក គឺជានិមិត្តរូបរបស់ញូដេលី ហើយភ្នំសំរាមនេះនឹងអាច ក្លាយជាវត្ថុ ដែលអាចលេចធ្លោជាងគេវិញ នៅក្នុងទីក្រុងញូដេលី ដែលត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជារដ្ឋធានីដែលមានការបំពុលខ្លាំងក្លាបំផុតនៅលើពិភពលោក៕

 

៤៖ ព្រឹត្តិការណ៍សម្តែងដ៏ធំអស្ចារ្យមួយប្រចាំនៅកូរ៉េខាងជើងហៅថា Mass Games ត្រូវបានប្រារព្ធឡើងសម្រាប់ ឆ្នាំ២០១៩នេះ ប៉ុន្តែប្រមុខដឹកនាំកំពូលទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន ហាក់មិនសប្បាយចិត្តនឹងកម្មវិធី ដ៏រីករាយនេះឡើយ៕

 

៥៖ មនុស្សសរុបកើនដល់ ៦០៧នាក់ហើយដែលបានបាត់បង់ជីវិត និងប្រមាណ ៣,២៦១នាក់បានទទួលរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅទីក្រុងទ្រីប៉ូលី នៃប្រទេសលីប៊ី ដែលបានអូសបន្លាយអស់ជាច្រើនខែមកហើយ៕

 

៦៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងលក់យន្ដហោះដ្រូន ស៊ើបការណ៍៣៤គ្រឿង ឱ្យសម្ព័ន្ធមិត្តអាមេរិកចំនួន៤ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក Patrick Shanahan បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មិនអាចអត់ធ្មត់នឹងអាកប្បកិរិយារបស់ចិននៅក្នុង តំបន់អាស៊ីបានទៀតនោះទេ៕