(ស៊ីដនី)៖ មនុស្សយ៉ាងហោចណាស់ចំនួន០៤នាក់ បានបាត់បង់ជីវិត បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅក្នុងទីក្រុង Darwin នៃប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អូស្រ្តាលី ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលឺឡើង នៅក្បែរផ្ទះសំណាក់មួយកន្លែង នាវេលាម៉ោងជិត០៦៖០០នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងនៅអូស្រ្តាលី) ភាគខាងជើងប្រទេសអូស្រ្តាលី។ ទាក់ទិនសកម្មភាពបាញ់ប្រហារ បុរសជាខ្មាន់កាំភ្លើងម្នាក់ ដែលជាបានប្រើប្រាស់កាំភ្លើងស្នប់ ហើយបើតាមការអះអាងពីសាក្សី ខ្មាន់កាំភ្លើងនោះ បានដើរស្វែងរកមនុស្សដើម្បីបាញ់ពីបន្ទប់មួយទៅមួយ មុនពេលគេចខ្លួនពីកន្លែងកើតហេតុ តាមរយៈរថយន្តមួយគ្រឿង រហូតក្រោយមកទើបត្រូវអាជ្ញាធរអូស្រ្តាលីតាមចាប់បាន។
គួរជម្រាបថា ក្រៅពីមនុស្សស្លាប់ ក៏មានសេចក្តីរាយការណ៍ថា មានមនុស្សមួយចំនួនរងរបួសផងដែរ ខណៈចេតនានៅពីក្រោយករណីបាញ់សម្លាប់មនុស្សនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕