(ប៉េកាំង)៖ ក្រសួងវប្បធម៌និងទេសចរណ៍នៃប្រទេសចិន ថ្ងៃអង្គារនេះ បានចេញសារមួយណែនាំប្រជាពលរដ្ឋខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្ន មុនពេលចេញដំណើរទៅទេសចរណ៍នៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
ដោយសង្កត់ធ្ងន់លើហេតុផលថា មានករណីបាញ់ប្រហារ និងចោរកម្មកើតឡើងជាញឹកញយ នៅសហរដ្ឋអាមេរិក អំឡុងមួយរយៈថ្មីៗនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិន ក៏បានទទូចឲ្យទេសចរចិនទាំងអស់ ធ្វើការពិចារណាឲ្យបានល្អិតល្អន់ ចំពោះហានិភ័យនៃការធ្វើដំណើរកម្សាន្តនៅក្នុងទឹកដីអាមេរិក។ ជាមួយគ្នានេះ អ្នកទេសចរចិន ក៏ត្រូវបានអំពាវនាវឲ្យព្យាយាមស្វែងយល់នូវព័ត៌មានអំពីស្ថានភាពសន្តិសុខសាធារណៈ និងច្បាប់ពាក់ព័ន្ធនានា នៅគោលដៅទេសចរណ៍របស់ពួកគេ ដើម្បីបង្កើនការទប់ស្កាត់ឧបទ្ទវហេតុផ្សេងៗ និងបង្កើនការប្រុងប្រយ័ត្នខ្លួនដើម្បីសុវត្ថិភាព។
គួរជម្រាបថា សារាចរណ៍ណែនាំឲ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរនៅក្រៅប្រទេសខាងលើនេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ កាលពីថ្ងៃចន្ទម្សិលមិញ ក្រសួងអប់រំចិន ក៏បានចេញសារណែនាំឲ្យនិស្សិតចិន វាយតម្លៃល្អិតល្អន់អំពីការចេញទៅសិក្សានៅក្នុងទឹកដីអាមេរិកផងដែរ ដោយសារតែការរឹតត្បិតទិដ្ឋាការនៅទីនោះ៕