(ញូដេលី)៖ ភ្នំសំរាមខ្ពស់បំផុតប្រចាំប្រទេសឥណ្ឌា ដែលស្ថិតនៅទីក្រុងញូដេលី នៅឆ្នាំក្រោយ នឹងលូតកម្ពស់ខ្ពស់ជាងប្រាសាទ តាច់ម៉ាហាល់ (Taj Mahal) ដែលតាំងពីដើមមក គឺជានិមិត្តរូបរបស់ញូដេលី ហើយភ្នំសំរាមនេះនឹងអាចក្លាយជាវត្ថុ ដែលអាចលេចធ្លោជាងគេវិញ នៅក្នុងទីក្រុងញូដេលី ដែលត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជារដ្ឋធានីដែលមានការបំពុលខ្លាំងក្លាបំផុតនៅលើពិភពលោក។ នេះបើតាមសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
កន្លែងចាក់សំរាមមានឈ្មោះថា ហ្គាហ្ស៊ីភើ (Ghazipur) ដែលស្ថិតនៅភាគខាងកើតទីក្រុងញូដេលី មានទំហំធំជាងទីលានបាល់ចំនួន ៤០រួម បញ្ចូលគ្នាទៅទៀត ខណៈក្នុងអំឡុងពេលមួយឆ្នាំកន្លងទៅនេះ វាលូតកម្ពស់បានជិត ១០ម៉ែត្រ ហើយការជះក្លិនមិនល្អ កាន់តែសាយភាយខ្លាំងឡើងៗ។ មកទល់ពេលនេះភ្នំសំរាម Ghazipur មានកម្ពស់ខ្ពស់ជាង ៦៥ម៉ែត្រទៅហើយ ដូច្នេះបើតាមអត្រានៃការលូតកម្ពស់របស់វានាពេលបច្ចុប្បន្ន វានឹងខ្ពស់ជាងប្រាសាទ Taj Mahal ដែលមានកម្ពស់ ៧៣ម៉ែត្រ នៅឆ្នាំ២០២០ជាមិនខាន។
គួរជម្រាបថា កាលពីឆ្នាំមុនតុលាការកំពូលនៃប្រទេសឥណ្ឌា ថែមទាំងបានព្រមានថា ភ្លើងប្រុងប្រយ័ត្នពណ៌ក្រហម នឹងត្រូវបំពាក់នៅលើភ្នំសំរាម Ghazipur នាពេលឆាប់ៗថែមទៀតផង ដើម្បីឲ្យសញ្ញាដល់យន្តហោះដែលត្រូវហោះឆ្លងកាត់។ តំបន់ ចាក់សំរាម Ghazipur ត្រូវបានបើកកាលពីឆ្នាំ១៩៨៤ និងបានឈានដល់កម្រិតផ្ទុកអតិបរមាកាលពីឆ្នាំ២០០២ ជាពេលដែលវាគួរតែត្រូវបានគេបិទទ្វារ។ ក៏ប៉ុន្តែគំនរសំរាមនៅតែបន្តហូរចូល តាមរយៈរថយន្តដឹកសំរាមរាប់រយគ្រឿងជារៀងរាល់ថ្ងៃ។
នៅឆ្នាំ២០១៨ ក៏ធ្លាប់មានការចេញបម្រាមលែងឲ្យចាក់សំរាមនៅទីនោះតទៀតដែរ ប៉ុន្តែចំណាត់ការនេះត្រូវបានអនុវត្តន៍តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារតែអាជ្ញាធរឥណ្ឌា មិនអាចស្វែងរកជម្រើសផ្សេងបាន ក្រៅតែពីយកសំរាមទៅបន្តចាក់ចោលនៅ Ghazipur ដដែល៕