(ញូដេលី)៖ រដ្ឋមន្ត្រីទូរគមនាគមន៍ឥណ្ឌាលោក រ៉ាវី សាំងកា ប្រាសាដ (Ravi Shankar Prasad) បានឱ្យដឹងថា ក្រសួងទូរគមនាគមន៍នឹងដាក់ដេញថ្លៃរលកធាតុអាកាស ឬហ្រ្វេកង់សម្រាប់ប្រព័ន្ធ 5G ហើយធ្វើការសាកល្បងលើដំណើរការប្រព័ន្ធនេះ ក្នុងរយៈពេល ១០០ថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
ការសម្រេចចិត្តដាក់ដេញថ្លៃរលកធាតុអាកាស គឺពិតជាមានសារៈសំខាន់ណាស់ព្រោះវាជាប្រភព ប្រាក់ចំណូលដ៏សំខាន់មួយរបស់រដ្ឋ។ ជាក់ស្ដែងកាលពីឆ្នាំសារពើពន្ធ២០១៦-២០១៧ ឥណ្ឌាប្រមូលប្រាក់បាន ៩.៤ពាន់លានដុល្លារ ពីវិស័យមួយនេះ។ ប៉ុន្តែនៅឆ្នាំសារពើពន្ធ ២០១៧-២០១៨ និងឆ្នាំ ២០១៨ -២០១៩ មិនមានការដាក់ដេញថ្លៃនោះទេ។
គួរជម្រាបថា ដើម្បីការពារផ្នែកសន្តិសុខជាតិផ្នែកព័ត៌មានវិទ្យា ឥណ្ឌាបានបង្កើតគណៈកម្មាធិការ ជំនាញមួយដែលមានសមាសភាពមកពីក្រសួងសំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំងការិយាល័យ ស៊ើបការណ៍សំងាត់ផងដែរ៕