(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានសម្រេចបិទបញ្ចប់ ប្រតិបត្តិការរុករកយន្តហោះចម្បាំង-បំបាំងកាយ F-35A របស់កងកម្លាំងស្វ័យការពារដែនអាកាស ដែលបានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅឯភាគខាងជើងប្រទេសកាលពី០២ខែមុននោះហើយ ខណៈមានផ្នែកមួយចំនួនប៉ុណ្ណោះ នៃយន្តហោះដែលត្រូវបានរកឃើញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
មកទល់ពេលនេះ ប្រតិបត្តិការរុករកសម្រាប់យន្តហោះខាងលើ ដែលបានធ្លាក់ចូលក្នុងទឹកសមុទ្រ ក្បែរខេត្ត អាវម៉ូរិ (Aomori) កាលពីថ្ងៃ ទី០៩ ខែមេសាកន្លងទៅបានរកឃើញតែបំណែករបស់ យន្តហោះ F-35A នោះប៉ុណ្ណោះ ដែលរួមមានផ្នែករបស់ម៉ាស៊ីន និងស្លាប ខណៈសាកសពពីឡុត និងប្រអប់ខ្មៅរបស់យន្តហោះចម្បាំងបំបាំងកាយនេះ មិនដឹងជានៅទីណាឡើយ។
គួរជម្រាបថា បើតាមរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya) យន្តហោះចម្បាំង F-35A ទាំង១២គ្រឿង ដែលមានវត្តមាននៅមូលដ្ឋានទ័ពអាកាស មីសាវ៉ា (Misawa) ដែលស្ថិតក្នុងខេត្ត Aomori នឹងត្រូវអនុញ្ញាតឲ្យធ្វើប្រតិបត្តិការឡើងវិញ នៅពេលបញ្ហាសុវត្ថិភាពរបស់ពួកវាត្រូវបានធានាទាំងស្រុង៕