(ស៊ីដនី)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវរកឃើញថា តាមពិតដីអាចជាកូនសោគន្លឹះដ៏សំខាន់ ដើម្បីឆ្ពោះទៅរកការទប់ទល់ នឹងបញ្ហាបម្រែបម្រួលអាកាសធាតុសកល ដែលពិភពលោកយើង កំពុងប្រឈមមុខកាន់តែធ្ងន់ធ្ងរឡើងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្ត ដែលមកពីសាកលវិទ្យាល័យ Curtin នៅរដ្ឋអូស្រ្តាលីខាងលិចបានបង្ហាញថា អត្រានៃកម្រិតសារធាតុកាបូនដែលត្រូវបានរក្សាទុក ហើយបញ្ចេញពីផ្ទៃដី មានភាពខុសគ្នាឆ្ងាយដោយអាស្រ័យលើកត្តាជាច្រើននៅតាមតំបន់ និងទ្វីបនានាជុំវិញពិភពលោក។ ការស្វែងយល់កត្តានេះឲ្យច្បាស់ នោះអាចឲ្យមនុស្ស បន្ថយល្បឿន នៃការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់បាន។
លោកស្រី Raphael Viscarra Rossel ដែលជាប្រធានក្រុមអ្នកស្រាវជ្រាវខាងលើ បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីបង្អង់ល្បឿននៃការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់ និងជួយកាត់បន្ថយការកើនឡើងកម្តៅពិភពលោក យើងចាំបាច់ត្រូវយល់ដឹងឲ្យបានកាន់ប្រសើរ ចំពោះកត្តាដែលគ្រប់គ្រងលើសារធាតុកាបូន ដែលស្ថិតនៅក្នុងដីស្រាប់»។ ប្រការនេះមានន័យថា សារធាតុកាបូនភាយពីស្រទាប់ដី ក្នុងបរិមាណដ៏ត្រឹមត្រូវមួយ នោះនឹងអាចជួយកាត់បន្ថយ ឥទ្ធិពលនៃការឡើងកម្តៅផែនដីបាន។
លោកស្រី Rossel និងក្រុមការងារមានជំនឿជឿជាក់ថា តាមរយៈការគ្រប់គ្រងដីប្រកប ដោយ ប្រសិទ្ធភាពជាងមុន ពួកយើងនៅទូទាំងពិភពលោក ប្រហែលអាចទប់ទល់ជាមួយ បញ្ហាប្រឈមសាកលសំខាន់ៗចំនួនបី រួមមានបម្រែបម្រួលអាកាស ការស្រោចស្រង់សណ្ឋានដី និងសន្តិសុខស្បៀងជាដើម។ ទោះបីជាបែបនេះក្តី ក្រុមអ្នកការពារបរិស្ថាននៅតែអំពាវនាវឲ្យ ពិភពលោកទប់ស្កាត់ការបញ្ចេញឧស្ម័នពុល និងការកាប់បំផ្លាញព្រៃឈើ ដែលនៅតែជាកត្តាធំជាងគេ បង្កឲ្យភពផែនដីកើនឡើងកម្តៅខ្លាំងនាប៉ុន្មានទសវត្សរ៍ចុងក្រោយ៕