(អាហ្សង់ទីន)៖ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក ហ្សក ហ្វូរី (Jorge Faurie) បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អអស្ចារ្យ រវាងប្រទេសរបស់លោកជាមួយនឹងចិន ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំនៃវេទិការខ្សែក្រវាត់ និងផ្លូវក្នុងទីក្រុងប៉េកាំង កាលពីខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
ចំពោះមុខក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង ខ័រដូបា (Cordoba) នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Faurie បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានអភិវឌ្ឍទំនាក់ទំនងដ៏ល្អជាមួយចិន តាមរយៈការយោគយល់គ្នាទៅវិញទៅមក ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ»។ កាលពីកំឡុងទស្សនកិច្ច របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកកាន់អាហ្សង់ទីននៅចុងឆ្នាំ២០១៨ ប្រទេសទាំងពីរ បានលើកទិសដៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើ ៣០វិស័យ ហើយបច្ចុប្បន្នប្រទេសទាំងពីរ កំពុងតែសកម្មលើការធ្វើពាណិជ្ជកម្មផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
គួរជម្រាបថា បើតាមទិន្នន័យផ្លូវការទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាហ្សង់ទីន កាលពីឆ្នាំ២០១៨ បានកើនឡើងលើស ១៦.២៨ពាន់លានដុល្លារ ឬកើនឡើង ១៨.២ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧។ អាហ្សង់ទីនត្រូវបានចាត់ទុកជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ របស់ប្រទេសចិនប្រចាំអាមេរិកខាងត្បូង ខណៈចិនក៏ចង់បង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ជាមួយប្រទេសនេះបន្ថែមទៀតដែរ ចំពោះមុខការរឹតបន្តឹងពីអាមេរិក៕