(ញូដេលី)៖ យន្តហោះដឹកយោធាមួយគ្រឿងរបស់ឥណ្ឌា ដែលមានលេខសម្គាល់ AN-32 បានបាត់ដំណឹងនៅជិតព្រំដែនប្រទេសចិន បន្ទាប់ពីវាបានហោះចេញពីព្រលានយន្តហោះ Jorhat កាលពីវេលាម៉ោង ១២៖២៥នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងញូដេលី) ខណៈការតាមរក បាននិងកំពុងតែប្រព្រឹត្តទៅនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាយប់ថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
យន្តហោះដឹកយោធាធុនបង្គួរខាងលើនេះ មានផ្ទុកមនុស្សសរុប ១៣នាក់ (គិតទាំងអាកាសយានិក អ្នកបម្រើការងារ និងអ្នកដំណើរ)។ នៅមុននេះបន្តិចក៏មានការចេញផ្សាយផងដែរថា គេបានរកឃើញកន្លែងយន្តហោះនោះធ្លាក់ហើយ គឺនៅក្នុងស្រុក West Siang នៃរដ្ឋ Arunachal Pradesh ប៉ុន្តែអាជ្ញាធរឥណ្ឌាបានច្រានចោលព័ត៌មាននេះ និងអះអាងថា ចាប់តាំងពីយន្តហោះបាត់ការទាក់ទង កាលពីវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃដដែល គឺនៅមិនទាន់មានតំរុយថា វាទៅដល់ទីណានោះឡើយ។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះមានទិសដៅពីទីស្រុក Jorhat ទៅកាន់ស្រុក Mechuka ដែលសុទ្ធតែស្ថិតនៅក្នុងរដ្ឋ Arunachal Pradesh របស់ឥណ្ឌា នៅជាប់ព្រំដែនមីយ៉ាន់ម៉ា និងភាគខាងត្បូងប្រទេសចិន។ ពេលនេះការរុករករបស់អាជ្ញាធរឥណ្ឌាកំពុងបន្តនៅឡើយ ដោយមានការសង្ស័យខ្ពស់ថា យន្តហោះ Antonov AN-32 នោះបានធ្លាក់បាត់ទៅហើយ៕