(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាថ្ងៃចន្ទនេះ បានក្រើនរំលឹកនិស្សិតរបស់ខ្លួនឲ្យធ្វើការពិចារណាឲ្យបានល្អិតល្អន់ អំពីការចេញទៅទទួលយកការសិក្សានៅឯសហរដ្ឋអាមេរិក ដោយលើកឡើងនូវហេតុផលអំពីការរឹតត្បិតលើទិដ្ឋាការនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
បើតាមស្ថានីយទូរទស្សន៍រដ្ឋចិន ដែលស្រង់សម្តីពីក្រសួងអប់រំចិនឲ្យដឹងថា និស្សិតចិនមួយចំនួន ដែលមានបំណងចង់ទៅរៀនសូត្រនៅសហរដ្ឋអាមេរិក បានជួបប្រទះបញ្ហាផ្សេងៗ ទាក់ទិនទៅនឹងរយៈពេលនៃសុពលភាពទិដ្ឋាការរបស់ពូកគេ ដែលត្រូវបានដាក់កំហិត រួមជាមួយកំណើននៃការបដិសេធមិនផ្តល់ទិដ្ឋាការឲ្យពួកគេកាន់តែច្រើនឡើង ហើយបញ្ហានេះបានប៉ះពាល់ជាខ្លាំងចំពោះនិស្សិតចិន ដែលចង់ទៅសិក្សានៅអាមេរិក ឬក៏និសិ្សតដែលចង់បញ្ចប់ការសិក្សាឲ្យបានរលូន។
ដោយសារតែហេតុនេះ ក្រសួងអប់រំចិនបានអំពាវនាវឲ្យនិស្សិតចិនទាំងអស់ ត្រូវពង្រឹងសមត្ថភាពត្រិះរិះក៏ដូចជាវាយតម្លៃអំពីហានិភ័យមុនពេលចេញទៅសិក្សានៅឯក្រៅប្រទេស និងត្រូវចេះត្រៀមលក្ខណៈឆ្លើយតបដែលសមស្រប។ ទាក់បញ្ហាខាងលើ អ្វីដែលត្រូវធ្លាក់ក្រោមហានិភ័យ គឺលំហូរសេដ្ឋកិច្ចទំហំ១៤ពាន់លានដុល្លារ ដែលភាគច្រើនបានមកប្រចាំឆ្នាំពីការបង់ថ្លៃសិក្សា និងការចំណាយផ្សេងៗទៀត របស់និសិ្សតចិនដែលសិក្សានៅសហរដ្ឋអាមេរិក។
គួរជម្រាបថា ការដាស់តឿននេះ បានកើតមានឡើង ស្របពេលដែលចិននិងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការបន្តធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ក្រោយកិច្ចចរចារវាងប្រទេសទាំងពីរបានជាប់គាំងទៅ៕