(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានអ៊ីរ៉ង់ថានឹងត្រូវ រងការឈឺចាប់ជាទីបំផុត បើសិនជាហ៊ានគំរាមកំហែងដល់អ៊ីស្រាអែល ខណៈសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ គឺស៊ីរី ទើបតែរងការវាយប្រហារពីសំណាក់កងទ័ពអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
លោក Netanyahu ធ្វើការព្រមានខាងលើ ក្រោយយោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវ អាកាសលើមូលដ្ឋានទ័ពជាច្រើនកន្លែងនៅលើទឹកដីស៊ីរី ហើយមិនតែប៉ុណ្ណោះលោកក៏បានយក ការវាយប្រហារនេះធ្វើជាឧទាហរណ៍ព្រមានដល់ទីក្រុងតេហេរ៉ង់ផងដែរ។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា៖«បើទោះជាយើងមិនទាន់មានការគំរាមកំហែងណាមួយពីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែ នរណាក៏ដោយឱ្យតែចង់ព្យាយាមបង្កការឈឺចាប់ដល់ពួកយើង នោះពួកគេនឹងត្រូវរងការឈឺចាប់ ជាទីបំផុត»។
គួរជម្រាបថា បើតាមយោធាស៊ីរី ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បាន ផ្ដាច់ជីវិតទាហានស៊ីរីយ៉ាងហោចណាស់៣នាក់ និង៧នាក់ផ្សេងទៀតរងរបួស។ ចំណែកឯ យោធា អ៊ីស្រាអែលក៏បានអះអាងដែរថាការវាយប្រហាររបស់ខ្លួន គឺជាការសងសឹកទៅគ្រាប់រ៉ុក្កែតដែលត្រូវបាន គេបាញ់ចេញពីទឹកដីស៊ីរីមកកាន់ទឹកដីអ៊ីស្រាអែល៕