(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស ហើយនៅព្រឹកថ្ងៃចន្ទនេះ សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
យន្ដហោះ Air Force One របស់លោក ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋាន London Stansted នៅម៉ោង៩៖០០ព្រឹក (ម៉ោងក្នុងទីក្រុងឡុងដ៍)។ ចំណែកឯ ម្ចាស់ក្សត្រី Elizabeth នឹងរៀបចំពិធី ជប់លៀងមួយនៅព្រះបរមរាជវាំង Buckingham នៅល្ងាចថ្ងៃចន្ទនេះ ជាកិច្ចទទួលស្វាគមន៍លោក ត្រាំ និងជំទាវទីមួយអាមេរិក Melania Trump មុននឹងលោកត្រូវជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តី លោកស្រី Theresa May។
ប៉ុន្តែទន្ទឹមគ្នា បាតុកម្មនៅទូទាំងចក្រភពអង់គ្លេស ប្រឆាំងនឹងលោក ត្រាំ ក៏ត្រូវបានគេរំពឹងថានឹងកើត ឡើងផងដែរ នៅក្នុងទីក្រុង ឡុងដ៍, Manchester, Belfast, Birmingham និងទីក្រុង Nottingham។
គួរបញ្ជាក់ថា មុនដំណើរទស្សនកិច្ចមកកាន់ចក្រភពអង់គ្លេស លោក ដូណាល់ ត្រាំ បានប្រាប់ សារព័ត៌មាន The Sun ថាលោកគាំទ្រអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ឱ្យធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី។ ប៉ុន្តែ ការលើកឡើងនេះ ត្រូវបានអ្នកនយោបាយអង់គ្លេសខ្លះ ចាត់ទុកថាជាការលូកដៃចូលក្នុងកិច្ចផ្ទៃក្នុងរបស់អង់គ្លេស៕