(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក FAA នាថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានឲ្យដឹងថា ផ្នែកមួយចំនួន ដែលប្រើប្រាស់នៅលើយន្តហោះ Boeing 737 MAX ប្រហែលជា មិនបានផលិតចេញមកដោយត្រឹមត្រូវនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានSputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរ FAA វត្ថុគេហៅថា Leading-edge Slat ចំនួន ១៤៨គ្រឿង ដែលគេបំពាក់ជាជួរនៅពីមុខស្លាប របស់យន្តហោះ ដែលប្រើនៅលើយន្តហោះ ត្រកូល 737 MAX របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ចំនួន ១៧៩គ្រឿង ប្រហែលជាពុំត្រូវបានផលិតចេញមកដោយត្រឹមត្រូវឡើយ ពោលគឺពួកវាអាចខូច ហើយ FAA បាននិយាយថា ខ្លួននឹងស្នើឲ្យផ្លាស់ប្តូរផ្នែកនេះចេញ។ យ៉ាងណាមិញ អាជ្ញាធរ FAA បានបញ្ជាក់ដូច្នេះ គឺបើទោះបីជាគ្រឿង Leading-edge Slat ខូចក៏ដោយ វានឹងមិនបណ្តាលឲ្យយន្តហោះធ្លាក់តែម្តងឡើយ ប៉ុន្តែអាចធ្វើឲ្យយន្តហោះ រងការខូចខាតនៅពេលហោះហើរ។
គួរជម្រាបថា យន្តហោះ Boeing 737 MAX ទាំងអស់ ត្រូវបានផ្អាកប្រតិបត្តិការ នៅទូទាំងពិភពលោក បន្ទាប់ពីយន្តហោះស៊េរីថ្មីនេះចំនួន ០២គ្រឿង បានធ្លាក់ក្នុងគម្លាតពេលមិនដល់ ០៦ខែពីគ្នាឡើយ។ ករណីទីមួយ គឺការធ្លាក់នៅឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ និងករណីទីពីរនៅប្រទេសអេត្យូពីរ (អាហ្រ្វិកខាងកើត) កាលពីខែមីនា កន្លងទៅ។ បើតាមលទ្ធផលស៊ើបអង្កេត មូលហេតុនៅពីក្រោយការធ្លាក់ យន្តហោះទាំងនេះ គឺទំនងមកពីប្រព័ន្ធ Software គ្រប់គ្រងការហោះហើរ MCAS ឬហៅថា Anti-stall System ដែលជាប្រព័ន្ធចង្អុលទិសស្វ័យប្រវត្តិ ពេលយន្តហោះជួបបញ្ហា៕