(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយការបង្ហាញខ្លួនរបស់លោក ដែលមើលទៅដូចជាមនុស្សថ្មីម្នាក់ យ៉ាងដូច្នោះឯង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។

កំឡុងការចុះទស្សនកិច្ចដោយពុំបានប្រកាសឲ្យដឹងជាមុន នៅឯព្រះវិហារមួយកន្លែងស្ថិតក្នុងរដ្ឋ វើជីនៀ (Virginia) នាថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋ Virginia) ដើម្បីចូលរួមពិធីសម្តែងមរណទុក្ខ ជូន ចំពោះជនរងគ្រោះទាំង ១២នាក់ ដែលបានបង់ជីវិត ក្នុងករណីបាញ់ប្រហារមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងទីក្រុង វើជីនៀប៊ិច (Virginia Beach) នៃរដ្ឋភាគខាងកើតនេះ លោក ដូណាល់ ត្រាំ បានបង្ហាញវត្តមានជាមួយ ស្តាយសក់សុភាពប្លែកខុសពីធម្មតា។

គួរជម្រាបថា យ៉ាងណាមិញបើតាមអ្នកប្រើប្រាស់បណ្តាញសង្គម Twitter មួយចំនួន ម៉ូដសក់សិតវែកបកក្រោយនេះ គឺព្រោះតែលោក ត្រាំ បានពាក់មួក មុនពេលទៅចូលរួមក្នុងពិធីខាងលើ ពោលគឺមិនមែនជាការប្តូរស្តាយសក់អ្វីនោះឡើយ៕