(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងចង់ធ្វើឱ្យសហភាពអឺរ៉ុប និងចក្រភព អង់គ្លេសចុះទន់ខ្សោយ ដើម្បីងាយស្រួលបង្កើនឥទ្ធិពលអាមេរិកក្នុងទីផ្សារអឺរ៉ុប តាមរយៈជម្រុញដំណើរការ Brexit ដកអង់គ្លេសពីសហភាពអឺរ៉ុប។ នេះបើតាមអ្នកជំនាញអន្តរជាតិមួយរូប គឺលោក អ៊ីឌែហ្ស៊ីត ផាម៉ារ (Inderjeet Parmar) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
លោក Inderjeet Parmar ដែលជាសាស្ត្រាចារ្យផ្នែកនយោបាយអន្តរជាតិ មកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «លោក ដូណាល់ ត្រាំ ចង់ធ្វើឱ្យសហភាពអឺរ៉ុបចុះទន់ខ្សោយ តាមរយៈការយកអង់គ្លេសចេញពីប្លុកមួយនេះ ដ្បិតលោកចង់ពង្រឹងគោលជំហរអាមេរិក ក្នុងការបើកចំហទីផ្សារអង់គ្លេស ជាពិសេសលើវិស័យហិរញ្ញវត្ថុតែម្ដង»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Inderjeet Parmar ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រូវបានអ្នកនយោបាយអង់គ្លេសខ្លះចោទថា កំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងអង់គ្លេស ក្រោយប្រធានាធិបតីអាមេរិករូបនេះលើកឡើងថា លោកចង់ឱ្យអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី បន្ទាប់ពីលោកស្រី ថេរ៉េសា ម៉ាយ លាលែងពីតំណែង។
លោក ដូណាល់ ត្រាំ នឹងត្រូវផ្ដើមដំណើរទស្សនកិច្ចរយៈពេល ០៣ថ្ងៃ នៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះ ប៉ុន្តែទន្ទឹមគ្នាបាតុកម្មតវ៉ាប្រឆាំងនឹងលោកក៏ត្រូវបានគេរំពឹងថានឹងផ្ទុះឡើងផងដែរ ដោយក្នុងនោះបញ្ហា Brexit អ៊ីរ៉ង់ សន្តិសុខនៅមជ្ឈិមបូព៌ា និងភាពតានតឹងផ្នែកពាណិជ្ជកម្មពិភពលោក អាចនឹងក្លាយជារបៀបវារៈសំខាន់៕