(ឡូសអាន់ជែលឡែស)៖ យានរុករកភពអង្គារ Mars 2020 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងត្រូវបំពាក់កាមេរ៉ាដ៏ច្បាស់មួយ ដែលនឹងជួយក្នុងការផ្លាស់ទី ការប្រមូលគំរូស្លាកស្នាម និងការអង្កេតរបស់វា នៅលើភពក្រហមនោះឲ្យកាន់តែច្បាស់ជាងពេលណាៗទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។

កាមេរ៉ាដែលនឹងត្រូវដំឡើងនៅលើយានរុករក Mars 2020 មានឈ្មោះថា Mastcam-Z។ បើតាមអង្គការ NASA កាមេរ៉ានេះនឹងជាកាមេរ៉ាថតពណ៌ដំបូងគេនៅលើភពអង្គារ ដែលអាចហ្ស៊ូម (Zoom) និងបង្កើតជារូបភាព 3D បាននៅក្នុងទំហំយ៉ាងច្បាស់មិន ធ្លាប់មានពីមុនមកឡើយ។

គួរជម្រាបថា Mars 2020 ត្រូវបានកំណត់ពេលវេលាបាញ់បង្ហោះ នៅខែកក្កដា ឆ្នាំ២០២០ ចេញពីរដ្ឋផ្លូរីដា ហើយវាត្រូវគេរំពឹងថា នឹងចុះទៅដល់តំបន់រណ្តៅ Jezero របស់ភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕