(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានបោសសំអាតផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាមទទួលបរាជ័យបានបង្ហាញខ្លួនជាថ្មី នៅឯពិធីសម្ដែងសិល្បៈមួយកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង ចូសាន់អ៊ីលបូ ( Chosun Ilbo) លោក គីម យ៉ុងចុល (Kim Yong Chol) ដែលជាដៃគូចរចានុយក្លេអ៊ែរជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ត្រូវបានគេបញ្ជូនឱ្យទៅកាន់មន្ទីរឃុំឃាំង និងលត់ដំ ខណៈមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងសរុប ០៥នាក់ទៀតត្រូវប្រហារជីវិត ដោយសារតែកិច្ចប្រជុំនៅវៀតណាម ជាមួយសហរដ្ឋអាមេរិកកាលពីខែកុម្ភៈទទួលបរាជ័យ។

ប៉ុន្តែកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ លោក Kim Yong Chol បានលេចមុខជាថ្មី នៅក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗកូរ៉េខាងជើងជាច្រើននាក់ ក្នុងនោះរួមមានលោក គីម ជុងអ៊ុន និងភរិយាលោកស្រី រី សុលជូ (Ri Sol Ju) នៅឯកម្មវិធីសម្ដែងសិល្បៈមួយ​ក្នុងទីក្រុងព្យុងយ៉ាង។ បន្ថែមពីលើនេះសារព័ត៌មាន កូរ៉េខាងជើង រ៉ូដុង ស៊ីនមុន (Rodong Sinmun) ក៏បានបង្ហាញពីរូបភាពរបស់លោក Kim Yong Chol អង្គុយទស្សនាការសម្ដែងនោះផងដែរ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុនបានឲ្យដឹងទៀតថា មន្ត្រីទទួលបន្ទុកកិច្ចចរចានុយក្លេអ៊ែរ​ ដែលជាប្រេសិតកំពូលកូរ៉េខាងជើង បានបញ្ជូនទៅអាមេរិកគឺលោក គីម យ៉ុកចុល (Kim Hyok Chol) ត្រូវបានកូរ៉េខាងជើងប្រហារជីវិត ដោយការបាញ់នឹងកាំភ្លើង នៅឯមូលដ្ឋានទ័ពអាកាស មីរីម (Mirim) ស្ថិតនៅជាយរដ្ឋធានីព្យុងយ៉ាងតែម្តង។

បើតាមប្រភពមិនបញ្ជាក់អត្តសញ្ញាណ លោក គីម យ៉ុកុល ទំនងជាត្រូវបានកូរ៉េខាងជើងចោទថា បានគុបគិតជាមួយទីក្រុងវ៉ាស៊ីនតោន ក្បត់នឹងប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ដែលជាហេតុធ្វើឲ្យអាមេរិកមានប្រៀបជាង និងកិច្ចប្រជុំកំពូលលើកទីពីរនៅវៀតណាម ត្រូវទទួលបរាជ័យទាំងតក់ក្រហលកាលពីខែកុម្ភៈ កន្លងទៅនេះ។

មិនត្រឹមតែលោក Kim Hyok Chol នោះទេដែលត្រូវបានប្រហារជីវិត ដោយមន្ត្រីមកពីក្រសួងការបរទេសកូរ៉េខាងជើង ០៤រូបទៀតក៏ត្រូវបានប្រហារជីវិតផងដែរ។ តែយ៉ាងណាក៏ដោយ នៅកូរ៉េខាងជើងវិញគឺអ្នកតាមដានពុំទាន់ឃើញសារព័ត៌មានរដ្ឋ ចុះផ្សាយអំពីរឿង​ដែលបានកើតមានឡើង តាំងតែពីអំឡុងខែមីនា ឆ្នាំ២០១៩នេះឡើយ ហើយក្រុមស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងវិញ ទើបតែបានទម្លាយរឿងនេះចេញមក កាលពីចុងខែឧសភាប៉ុណ្ណោះ៕