(ប៉េកាំង)៖ យោធាចិនទំនងទើបតែបានធ្វើតេស្ត បាញ់មីស៊ីលផ្លោងស៊េរីរបស់ខ្លួន ចេញពីនាវាមុជទឹកកាលពីថ្ងៃទី០២ ខែមិថុនានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
បើតាមការចុះផ្សាយនៅលើបណ្តាញសារព័ត៌មាន យោធាជើងទឹកចិនបានបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទ SLBM ដែលមានឈ្មោះថា JL-3 នៅឆកសមុទ្រ បូហៃ (Bohai) ក្បែរឧបទ្វីប សានទុង (Shandong) កាលពីព្រឹកថ្ងៃអាទិត្យ ហើយការធ្វើតេស្តសព្វាវុធនេះ ត្រូវបានសាក្សី ព្រមទាំងអ្នកនេសាទជាច្រើននាក់ប្រទះឃើញ និងថតសកម្មភាពនោះ ហើយបង្ហោះនៅលើអ៊ីនធឺណែត។ មីស៊ីលផ្លោង JL-3 អាចហោះបានរយៈចម្ងាយចន្លោះពី ១២,០០០ ទៅ ១៤,០០០គីឡូម៉ែត្រ ហើយអាចបំពាក់ក្បាលគ្រាប់បានរហូតដល់ ១០គ្រាប់។
គួរជម្រាបថា ទោះបីពុំមានការចេញមុខបញ្ជាក់ពីរដ្ឋាភិបាលចិន ក៏ដោយអាជ្ញាធរខេត្ត លាវនីង (Liaoning) ត្រូវគេអាងថា បានចេញសារជូនដំណឹងមួយឲ្យប្រុងប្រយ័ត្ន ពាក់ព័ន្ធនឹងការបិទដែនទឹកសម្រាប់ការធ្វើ សមយុទ្ធយោធាក្នុងឆកសមុទ្រ Bohai នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩៕